សត្វអណ្តើកក្នុងវប្បធម៌ខ្មែរ ៖ សម្រាប់ប្រជាជននៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ ជាទូទៅនិងដោយឡែកនៅ ក្នុងប្រទេសកម្ពុជា សត្វអណ្តើកដែលមានអាយុវែងជាងគេ ក្នុងបណ្តាសត្វទាំងឡាយ គឺតំណាងឲ្យភាពយឺនយូរនៃជីវិត ឬភាពអមតៈ។ ហេតុដូច្នេះហើយ ឋានៈរបស់សត្វអណ្តើក ក្នុងប្រព័ន្ធជំនឿសាសនាបែបជីវចលនិយម ត្រូវបានគេចាត់ទុកថា ជាសត្វដែលមានបុណ្យបារមី គួរឲ្យទុកជាទីគោរពសក្ការៈ ។ លើសពីនេះឋានៈនៃសត្វនេះ ក៏ត្រូវលើកតម្កើងស្មើនឹងព្រះអាទិទេព។
ម្យ៉ាងវិញទៀត ដោយសារតែសត្វនេះមានជើងបួន អាចរស់នៅក្នុងទឹកក៏ដូចជានៅលើគោក អណ្តើកតំណាងឲ្យផែនដី ឬស្ថេរភាពនៃដែនដី។ ខាងលើនេះគឺជាទស្សនៈសកលជុំវិញសត្វអណ្តើក ។
ពិតដូចទើបពោលខាងលើមែន សម្រាប់អ្នកស្រុកភូមិខ្មែរមានជំនឿថា ការដែលលែងអណ្តើកក្នុងស្រះ បឹងបួរ ឬក៏ទន្លេ មិនគ្រាន់តែនាំមកនូវបុណ្យកុសល ដោយប្រែកាយចិត្តឲ្យបានស្អាតតែប៉ុណ្ណោះទេ ក៏ប៉ុន្តែទន្ទឹមនឹងនេះ អាចបន្តអាយុវែងមួយកម្រិតទៀត។ ចូរយើងមើលលក្ខណៈមួយទៀត នៃសត្វអណ្តើក តាមរយៈឧទាហរណ៍ជាក់ស្តែងមួយចំនួន។
ភស្តុតាងខាងបុរាណវិទ្យា នៅទីក្រុងអង្គរធំ សម័យវប្បធម៌បាយ័ន ក៏បានបង្ហាញឲ្យដឹងថា មានការកប់សត្វអណ្តើក ធ្វើអំពីសំណនៅទិសទាំងបួនក្នុងអតីតកាល។ សត្វអណ្តើកដែលគេកប់ទាំងបួនទិសនោះ គឺជានិមិត្តរូបនៃជ័យចេស្តា ឬមហិទ្ធិឫទ្ធិរបស់សត្វអណ្តើក ក្នុងការថែរក្សាមូលនិធិសាសនា ឲ្យស្ថិតស្ថេរជានិរន្ត។ នេះជាហេតុផលដែលបាននាំឲ្យខ្មែរនាសម័យបុរាណ យកសត្វអណ្តើកទៅកប់នៅគ្រប់ទិសទាំងបួន។
មួយផ្សេងទៀត នៅក្នុងការកូរសមុទ្រទឹកដោះ សូមជម្រាបផងដែរថា ការរកឃើញសត្វអណ្តើកទាំងនោះ នៅទីក្រុងអង្គរ គឺជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់ មានន័យថា ទឹកដីដែលមានវត្តមានរបស់សត្វអណ្តើក គឺត្រូវស្ថិតក្នុងអំណាចរបស់សត្វអច្ឆរិយៈខាងលើនេះ ហើយនឹងត្រូវបានការពារជារៀងរហូត ។
យោងតាមរបកគំហើញខាងបុរាណវិទ្យាបានឲ្យដឹងថា អណ្តើកជាច្រើនធ្វើអំពីដីដុត ត្រូវបានគេជួបប្រទះនៅខេត្តសៀមរាបនិងបុរីរម្យ។ ចំពោះយើង ចំពោះសត្វអណ្តើកសម័យអង្គរទាំងនោះ យើងត្រូវសម្លឹងមើលខាងសម្ភារៈសង្គម ជាងខាងសាសនា។ ព្រោះថា មនុស្សបុរាណខ្មែរប្រើភាជន៍ មានរាងជាអណ្តើកទាំងនោះ សម្រាប់ផ្ទុកកំបោរ ឬជាតុក្កតាសម្រាប់ក្មេងលែងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត គេបានរកឃើញសន្លឹកមាសស្តើងៗ ជាច្រើននៅម្តុំអូរកែវ និងនៅទីក្រុងអង្គរបុរី ដែលគេបានដាក់ក្នុងបាតប្រាសាទ ក្នុងពេលដែលគេធ្វើពិធីបញ្ចុះបឋមសីមា។
ដូចនេះ យើងបានស្គាល់ន័យ ឬនិមិត្តរូបនៃសត្វអណ្តើកតាមរយៈពិធីកម្មខាងលើនេះយ៉ាងប្រាកដ។ អ្វីដែលទើបពោលកាន់តែមានច្បាស់លាស់ថែមទៀត កាលបើយើងដឹងថា តាមស្រុកភូមិខ្លះមានជំនឿលើអ្នកតាអណ្តើក។
នៅទីបញ្ចប់សូមជម្រាបផងដែរថា ការនិយមយ័ន្តអណ្តើក ដោយសហគមន៍ខ្មែរនៅតាមលំនៅដ្ឋាន គឺជាសក្ខីកម្មបង្ហាញឲ្យដឹងថា ផ្នត់គំនិតមិនបានផ្លាស់ប្តូរឡើយ ស្របតាមទស្សនៈដែលធ្លាប់មាន ប្រមាណជាពីរពាន់ឆ្នាំមកហើយ។
សរុបសេចក្តីមកគ្មានសត្វណាដែលមានអាយុវែង និងអាចបំពេញតួនាទីជាទម្រផែនដី ជាងសត្វអណ្តើកនោះទេ ហើយរហូតដល់សព្វថ្ងៃនេះ អ្វីដែលជាបំណងរបស់មនុស្សលោក ក៏ពុំទាន់មានអ្វីមកផ្លាស់ប្តូរទស្សនៈនេះនៅឡើយ៕
អត្ថបទ៖ បណ្ឌិត ម.ត្រាណេ
រូបភាព:ការរកឃេីញចំលាក់អណ្តេីកនៅស្រះស្រង់ ពីអាជ្ញាធរអប្សរា