ខេត្តបាត់ដំបង៖ កាលពីវេលាម៉ោង៩ និង១១នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចំណុក្រុមទី01 ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បើយើងតាមសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តភ្លើងដឹកប្រេងនោះមានឈ្មោះថា អួន សេថាវីត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកបរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

ចំណែកជនរងគ្រោះមានឈ្មោះថា សល់ សុផល ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅក្រុមទី២ ភូមិកាឡោនភ្លុក ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាម្ចាស់រថយន្តម៉ាកតូយ៉ូតាព្រូសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2-C9648។

តាមប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ គឺបណ្តាលមកពីរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវដែកពីទិសជើងទៅត្បូង ហើយរថយន្តក៏បានបើកឆ្លងកាត់ផ្លូវដែកដែរ ដោយមិនបានមើលឆ្វេងស្តាំទើបបណ្តាលឲ្យរថភ្លើងបុកពេញទំហឹង តែម្តង ។

សមត្ថកិច្ចបានបន្ថែមទៀតថា នៅក្នុងករណីគ្រោះថ្នាក់នោះ មិនបណ្តាលឲ្យនរណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គឺគ្រាន់តែរងរបួសស្រាលមនុស្សម្នាក់ប៉ុណ្ណោះ៕