អតីតកាលគឺជារឿងមួយដែលបានកន្លងផុតទៅជាយូរហើយ តែមនុស្សមួយចំនួនចូលចិត្តរំលឹកនិងអង្គុយហែលលង់ក្នុងអតីតកាល នេះជាហេតុផលដែលបណ្ដាលឲ្យមនុស្សមួយចំនួន មិនអាចស្វែងរកសេចក្តីសុខនិងអនាគតរបស់ខ្លួនឯង

ប្រសិនបើមនុស្សយើងធ្លាប់ស្រឡាញ់បានឈប់ស្រលាញ់យើងហើយឱ្យវាចប់ទៅ កុំទាមទារអ្វីដែលគេមិនចង់ឱ្យ កុំរងចាំមនុស្សដែលបានចាកចេញហើយក៏ប្រហែលជាគ្មានថ្ងៃត្រឡប់ កុំចាំហើយសង្ឃឹមថាមនុស្សដែលពូកែក្បត់នឹងថ្ងៃណាមួយស្មោះនឹងខ្លួនឯង ក្នុងមួយជីវិត10 ឆ្នាំមានប៉ុន្មានដងទៀតសំរាប់យើងដែលជាស្ត្រី? បើចំណាយពេលវេលារង់ចាំមនុស្សម្នាក់ដែលមិនច្បាស់ជាមួយយើង តើថ្ងៃណាហ្នឹងមានគ្រួសារ បានរៀបការមានកូនមានចៅនឹងគេ?

ខ្ញុំសូមផ្ដាំទៅមនុស្សមួយចំនួនចេញពីបទពិសោធន៍ជីវិតរបស់ខ្ញុំផ្ទាល់ ឈឺចាប់ដោយសារគេតែមួយភ្លែតទេ តែកុំឈឺចាប់ដោយសារតែខុសជាមួយនឹងខ្លួនឯង ត្រូវរៀនបើកបេះដូងសម្រាប់រង់ចាំទទួលអ្នកថ្មី ព្រោះយើងមិនដឹងទេថាអ្នកណានឹងជាមនុស្សដែលធ្វើឱ្យយើងក្លាយទៅជាមនុស្សស្រីដែលមានសំណាង ដែលនឹងដើរចូលមកជីវិតរបស់យើងហើយនិងកែប្រែវាសនារបស់យើងទាំងស្រុង ពេលនេះសម្រាប់ខ្ញុំរឿងស្នេហាអាចថាខ្ញុំជោគជ័យហើយ ព្រោះមនុស្សដែលខ្ញុំបានបើកចិត្តទទួលគេបានបង្កើតគ្រួសារដ៏កក់ក្តៅមួយជាមួយខ្ញុំ

ឥឡូវខ្ញុំក៏បានបើកទំព័រថ្មីដែលខ្ញុំបានក្លាយទៅជាម្ដាយរបស់ក្មេងប្រុសម្នាក់ បើសិនជា 10 ឆ្នាំមុនខ្ញុំបានសម្លាប់ខ្លួនបានសម្រេចព្រោះតែរឿងខូចចិត្តប្រហែលជាខ្ញុំស្ដាយក្រោយហើយមិនបាន ទទួលអ្វីដែលជាសេចក្តីសុខដែលខ្ញុំកំពុងតែមានក្នុងពេលនេះ
មុននឹងសម្រេចចិត្តគិតខ្លីឬក៏ធ្វើអ្វីមួយ ត្រូវចាំពាក្យមួយដែលគេនិយាយថា “ក្រោយមានមេឃភ្លៀងគង់តែស្រឡះ” ។
