លោកស្រី នាយិកាសិប្បកម្ម រ៉ារី កូវ ច័ន្ទសុវណ្ណារិទ្ធ ជូនដល់លោកអភិបាលខណ្ឌ ឬស្សីកែវលោក ជា ពិសី សូមលោកមេត្តាជួយដោះស្រាយបញ្ហាបើកផ្លូវនៅភូមិឃ្លាំងសាំង ខណ្ឌឬស្សីកែវ ផង....
ស៊ីហៀង
-

ភ្នំពេញ៖ សូមសំណូមពរដោយផ្ទាល់ពីខ្ញុំនាយិកាសិប្បកម្ម រ៉ារី កូវ ច័ន្ទសុវណ្ណារិទ្ធ ជូនដល់លោកអភិបាលខណ្ឌ ឬស្សីកែវលោក ជា ពិសី សូមលោកមេត្តាជួយដល់រាស្រ្តសាមញ្ញរកស៊ី ដូចជាពួកខ្ញុំ ក្នុងការដោះស្រាយបញ្ហាបើកផ្លូវនៅភូមិឃ្លាំងសាំង លើផ្លូវរទេះភ្លើងសង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅក្រោយឃ្លាំងសាំង ក្បែរទីតាំងសិប្បកម្ម រ៉ារី ថ្មី រួមទាំងប្រជាពលរដ្ឋនៅក្បែរៗទីតាំងខាងលើផង។ ផ្ទះនេះមានទំហំ ៩ម៉ែត្រ x ១០ មែត្រ បានសាងសង់ថ្មីៗនេះលើផ្លូវដែលត្រូវបើកអោយប្រជាជនក្នុងភូមិអាចធ្វើដំណើរចេញចូលបាន។

ពួកយើងខ្ញុំរងចាំដំណោះស្រាយពីខាងសង្កាត់ និងខណ្ឌ ប៉ុន្តែមកដល់ពេលនេះរយៈពេលជិត ៥ ខែហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលអ្វីនោះទេ... កាលពីដំបូងម្ចាស់ផ្ទះបានយល់ព្រមដោយមានកិច្ចសន្យារើផ្ទះជាមួយខាងសង្កាត់ ហើយនាងខ្ញុំក៏បានថ្លែងអំណរគុណដែលខ្មែរដូចគ្នា ចេះយោគយល់ និងជួយគ្នា ប៉ុន្តែមកដល់ពេលនេះម្ចាស់ផ្ទះបែជាទាមទារសំណង ២៧ ម៉ឺនដុល្លារអាមេរិច(៣ម៉ឺនដុល្លារអាមេរិចក្នុង ១ មែត្រដើរ) បើទោះជាផ្ទះនេះសាងសង់ដោយពុំមានច្បាប់ និងពុំមានប្លង់រឹងអ្វីទាំងអស់... ពេលដែលខ្ញុំមកដល់សិប្បកម្មថ្មីនេះ ប្រជាជនបានសំណូមពរអោយខ្ញុំ សហការគ្នាជាមួយពួកគាត់ ដើម្បីសំណូមពរដល់លោកអភិបាលខណ្ឌ ជា ពិសី ជួយដោះស្រាយបញ្ហានេះ។

ហើយខ្ញុំក៏បានជួបលោកអភិបាលខណ្ឌ ក្នុងថ្ងៃបុណ្យលោកយាយរបស់ខ្ញុំនៅ រការខ្នុរ ខ្ញុំក៏បានស្នើដល់លោកឲ្យជួយដោះស្រាយអោយខ្ញុំ និងប្រជាជនទាំងអស់គ្នាផង លោកក៏បានសន្យាថានឹងជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស ប៉ុន្តែមកដល់ពេលនេះ គឺផ្ទះនេះនៅដដែល។ មូលហេតុ និង ផលប្រយោជន៍នៃការបើកផ្លូវនេះ ៖

1. ជាផ្លូវរបស់រដ្ឋ ហើយម្ចាស់ផ្ទះពុំមានឯកសារសាងសង់ត្រឹមត្រូវតាមច្បាប់។

2. ប្រសិនជាមានអគ្គីភ័យ ឬ គ្រោះអាសន្នអ្វីមួយ យើងអាចមានច្រកជាច្រើនដើម្បីជួយប្រជាជនដែលនៅក្នុងភូមិនោះ អោយរំដោះខ្លួនពីគ្រោះថ្នាក់បាន។

3. យើងខ្ញុំមិនបានគៀបសង្កត់ ឬ ជំរិតដោយប្រើពាក្យសំដីអសីលធម៌ទៅលើម្ចាស់ផ្ទះ ឬ ក៏អជ្ញាធរដែលបានចុះមកនោះឡើយ យើងខ្ញុំគ្រាន់តែចង់បានច្បាប់ដែលយុត្តិធម៌ និងស្របតាមការដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

4. សិប្បកម្ម រ៉ារី នាងខ្ញុំ ជាសិប្បកម្ម កូនខ្មែរ ហើយប្រជាពលរដ្ឋនៅក្បែរនោះ ក៏ជាប្រជាជនខ្មែរ ដូចនេះ នាងខ្ញុំសូមមេត្តាលោកអភិបាលខណ្ឌជួយដោះស្រាយផង និងសូមផ្តល់ដំណឹងជូនដល់ប្រជាពលរដ្ឋផង ពួកយើងខ្ញុំកំពុងតែរងចាំចម្លើយ ប្រសិនបើជួយបាន ឬ មិនបានសូមមេត្តាជួយផ្តល់ព័ត៌មានផងលោកអភិបាល។

ជាចុងក្រោយ នាងខ្ញុំសូមអភ័យទោសប្រសិនបើការសរសេរពាក្យពេជន៍ ឬអ្វីដែលខ្ញុំនិយាយទៅមានការខុសឆ្គង សូមលោកអភិបាលមេត្តាអធ្យាស្រ័យ?? ៕