សមិទ្ធិផល ៤ធំៗ ក្រោមស្នាដៃឯកឧត្តម គួច ចំរើន ដែលទទួលបានការសាទរពីប្រជាពលរដ្ឋ ក្រោយចូលកាន់ តំណែងជាអភិបាលបាន១ឆ្នាំ
ស៊ីហៀង
-

ជាការពិតណាស់ ចាប់តាំងពីឯកឧត្តម គួច ចំរើន បានឡើងកាន់តំណែង ជាអភិបាលខេត្តព្រះសីហនុ ដោយលោកបានរៀបចំក្រុងព្រះសីហនុ ស្អាត​ ផ្លូវថ្នល់ល្អ និងសមិទ្ធិផល ជាច្រើន សម្រាប់បងប្អូនប្រជាពលរដ្ឋ។

បើយោងតាមគណនីហ្វេសប៊ុកបានរៀបរាប់ថា "សមិទ្ធិផល ៤ធំៗ ក្រោមស្នាដៃឯកឧត្តម គួច ចំរើន ដែលទទួលបានការសាទរពីប្រជាពលរដ្ឋ ក្រោយចូលកាន់ តំណែងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ១ឆ្នាំ។ សាធារណៈជនពិតជានៅចងចាំបានថា ឯកឧត្តម គួច ចំរើន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលខេត្តព្រះសីហនុ ភ្លាមៗនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោយខេត្តជាប់សមុទ្រមួយនេះ ស្ថិតក្នុងវិបត្តិធម្មជាតិ និងគ្រោះអាសន្ន។

ឯកឧត្តម គួច ចំរើន ត្រូវបានប្រជាជនគោរពកោតសរសើរ ថាជាមន្រ្ដីខ្លាំង លះបង់ខ្ពស់អស់កម្លាំងកាយចិត្ត ធនធាន ធ្វើច្រើនជាងនិយាយ ជាមន្រ្ដីបម្រើរាស្រ្ដ ស្របតាមគោលនយោបាយដឹកនាំដ៏ខ្ពង់ខ្ពង់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។ ថ្ងៃនេះសូមលើកយកសមិទ្ធិផលធំៗ ៤ ដែលឯកឧត្តម គួច ចំរើន បានខិតខំដើម្បីសេចក្ដីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងកែប្រែមុខមាត់ខេត្តព្រះសីហនុ ដែលមានការសាទរខ្លាំងពីមហាជន និងមជ្ឈដ្ឋានប្រជាពលរដ្ឋ ៖

ទី១.ការរៀបចំឱ្យមានរបៀបរៀបរយឡើងវិញ នូវសំណង់អាណាធិបតេយ្យគ្មានច្បាប់ និងខុសច្បាប់ ដែលការរៀបចំនេះគឺដើម្បីរក្សាបានសណ្ដាប់ធ្នាប់សាធារណៈ ដូចជាការសាងសង់លើអូរប្រឡាយ លើចំណីផ្លូវសាធារណៈ ដែលបង្កអោយមានដូចជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ប៉ះពាល់ដល់ជីវភាព និងការធ្វើដំណើររបស់សាធារណៈ ។

ទី២.ការរៀបចំសោភ័ណភាព អនាម័យ និងកែប្រែឆ្នេរសមុទ្រ ក្លាយជាឆ្នេរសាធារណៈ ផ្ដល់អោយប្រជាពលរដ្ឋទូទៅ អាចទៅកំសាន្ដសប្បាយ អង្គុយលេង ជួបជុំគ្រួសារ មិត្តភក្ដិបានដោយសេរី និងសប្បាយរីករាយ ក្នុងនោះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថាឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេងកម្សាន្ត អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ។​ ដោយមិនអនុញ្ញាត ឱ្យមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់ឱ្យបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម(ករណីបងប្អូនមិនបានដាក់កន្ទេលទៅខ្លួនឯង) ក៏ជាការចូលរួមឱ្យអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។

ទី៣.បញ្ហាបរិស្ថាន នៅតែជាទិសដៅចំបងមួយ ដែលឯកឧត្តម គួច ចំរើន នៅតែបន្ដយកចិត្តទុកដាក់ខ្ពស់ និងបានអំពាវនាវ ចុះសកម្មភាពជាបន្ដបន្ទាប់ ដើម្បីបំផុសគំនិតប្រជាពលរដ្ឋ អោយស្រឡាញ់ និងចូលរួមថែរក្សាការពារ អនាម័យ បរិស្ថានស្អាត ដើម្បីទាំងសុខភាព សោភ័ណភាព និងទេសចរណ៍ស្អាតសម្រាប់ខេត្តទេសចរណ៍មួយនេះផងដែរ ។ បញ្ហាសំរាម ត្រូវបានដោះស្រាយបានស្ទើរទាំងស្រុង ដោយនៅកន្លែងមួយចំនួន ដែលរដ្ឋបាលខេត្តក្រុង កំពុងបន្ដជំរុញ និងដោះស្រាយយ៉ាងសកម្ម ។

ទី៤. ការស្ថាបនាមហាវិថី វិថី និងអនុវិថី ចំនួន ៣៤ ខ្សែ​ផ្លូវថ្មីចំនួន ៣៤ ខ្សែនៅខេត្តព្រះសីហនុ ត្រូវបានសាងសង់រួចរាល់ប្រមាណ ៩៤% ហើយ ។ នេះបើតាមប្រសាសន៍របស់​ឯកឧត្ដម គួច ចំរើន បានថ្លែងនៅថ្ងៃទី ១ ខែមិថុនា ២០២០ នេះ ។ ផ្លូវទាំង ៣៤ ខ្សែមានលក្ខណៈទំនើបស៊ីវិល័យ មានខឿនក្រាលក្រានីតដាំលម្អដោយផ្កាចម្រុះ មានបំពាក់អំពូលភ្លើងឆ្លាតវៃ មានផ្លូវក្រាលថ្មក្រានីតសម្រាប់អ្នកដំណើរថ្មើជើង និងជនពិការទៀតផង ។ ក្រៅពីសមិទ្ធផលខាងលើនេះលោក បានធ្វើឱ្យប្រសើរឡើងជាច្រើនចំណុចទៀត ដែលមិនអាចអត្ថាធិប្បាយអស់នៅក្នុងអត្ថបទមួយនេះ ។ ទៅថ្ងៃខាងមុខព្រះសីហនុនឹងក្លាយជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា មានអគារខ្ពស់ៗ ផ្លូវខ្វាត់ខ្វែង មិនចាញ់ប្រទេសជឿនលឿនឡើយ​ ៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ