ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មី នៅក្នុងប្រទេសកម្ពុជា ខណៈមានអ្នកជាសះស្បើយ១នាក់ទៀត ត្រូវបានព្យាបាលឱ្យជាសះស្បើយ ដែលធ្វើឱ្យអ្នកជំងឺកូវីដ១៩ នៅកម្ពុជា នៅសល់ត្រឹម២នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល។

អ្នកជំងឺ ជាជនជាតិខ្មែរ មានអាយុ២១ឆ្នាំ មានទីលំនៅនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាអ្នកធ្វើដំណើរមកពីប្រទេសម៉ាឡេស៊ី បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមបញ្ជាក់ថា បើគិតត្រឹមម៉ោង០៧ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់) ក្នុងនោះមានអ្នកសរុបចំនួន១២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ប៉ុណ្ណោះ។

