រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឲ្យផ្អាកការធ្វើដំណើរផ្លូវទឹក ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែសីហា ព្រោះខេត្តនេះរងឥទ្ធិពលព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ
ស៊ីហៀង
-

រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាមជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកស្រី ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ និងបងប្អូនប្រជានេសាទ ទាំងអស់មេត្តាជ្រាបថា ៖ ចាប់ពីថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២០ សម្ពាធសកម្មមួយបានកើតឡើងនៅលើសមុទ្រ ចិនខាងត្បូង ហើយបានវិវត្តទៅជាវិសម្ពាធទាប (Tropical Depression) ។​ វិសម្ពាធទាបនេះបានបង្កើតឥទ្ធិពលជាបន្តបន្ទាប់ទៅជាព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ (SINLAKU) ហើយបានបោកបក់មកកាន់តំបន់ភ្នំ និងឆ្នេរសមុទ្រកម្ពុជា បណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើន និងខ្យល់បក់បោកខ្លាំង។

ចំពោះស្ថានភាពអាកាសធាតុនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ច្រើនប្រឈមនឹងជំនន់ទឹកភ្លៀង ( Flash Flood) រួមជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

ដើម្បជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ រដ្ឋបាលខេត្តសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនដោយជលយាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមផ្អាកការធ្វើដំណើរតាមផ្លូវទឹកក្នុងអំឡុងពេលនេះ បើមិនមានការចាំបាច់ណាមួយ។

ដោយឡែកចំពោះអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់តាមដានស្ថានភាពទូទៅ ជួយផ្សព្វផ្សាយ អប់រំណែនាំដល់ប្រជាពលរដ្ឋដល់ប្រជាពលរដ្ឋ និងត្រៀមអន្តរាកមន៍ជួយដោះស្រាយបញ្ហានានាចំពោះមុខជាក់ស្តែង។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់មេត្តាជ្រាបជាព័ត៏មាន៕