ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់រួចមកហើយថា អតីតបេក្ខនារីX Factor Cambodia កញ្ញាលៀង ចាន់ ឡា ធ្លាប់ទទួលការអាណិតអាសូរពីមហាជនមិនស្ទើរនោះទេ ក្រោយពីដឹងប្រវត្តិដ៏កម្សត់របស់នាង ដោយសារមានជីវភាពក្រីក្រ និងជាក្មេងរស់នៅកំព្រាឪពុក ត្រូវតស៊ូជាមួយម្ដាយដើម្បីជីវភាពប្រចាំថ្ងៃនោះ។

យ៉ាងណាមិញបន្ទាប់ពីបានល្បីមួយរយៈស្រាប់តែមានគេទម្លាយពីចរិតពិតរបស់នាងខ្ទេច ភ្លាមនោះ ធ្វើឲ្យ ចាន់ឡា ធ្លាក់ចុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ នាងមិនសូវមានអ្នកគាំទ្រទេ ។ ទន្ទឹមនិងនេះដែបើទោះបីជាមិនសូវមានអ្នកគាំទ្រ និងទទួលបានការរិះគន់យ៉ាងណាក៏ដោយ ក៏ចាន់ឡា នៅតែខំប្រឹងតស៊ូ នៅក្នុងអាជីពសិល្បៈរបស់នាង ហើយនាងមិនបានបោះបង់ទៅតាមការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ រហូតមួយរយៈពេលក្រោយមកនេះឃើញថា រូបនាងកសាងឈ្មោះ មានឱកាសចេញបទចម្រៀងជាបន្តបន្ទាប់ ពិសេសចុងក្រោយនេះ ឃើញចេញបទចម្រៀងនៅផលិតកម្មTz Production។

ដោយឡែកនៅកាលពីពេលថ្មីៗនេះ ចាន់ឡា បានធ្វើឲ្យមហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឃើញសម្រស់របស់នាងមានការប្រែប្រួលស្ទើរតែទាំងស្រុង មើលទៅដូចជាស្រស់ស្អាតជាងមុនឆ្ងាយណាស់ មិនត្រឹមតែប៉ុណ្ណោះទេ ចាន់ឡា ក៏បានបង្ហោះសារមួយឃ្លាជូនទៅមហាជនផងដែរ «ចង់បានច្រមុះដូចចាន់ឡាអត់ ចង់បានទរង់មុខស្អាតអត់ បើចង់បានកុំភ្លេចឆាតទៅដុកទ័រដ៏ស្រស់ស្អាត Lorn ALexណា បងប្អូនទាំងអស់គ្នា» ៕







