ថ្មីចែស ! បន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោររថយន្ត ដើម្បីរៀបចំ ចំណត ហើយក៏បើកយកទៅបាត់តែម្ដង
ស៊ីហៀង
-

តាកែវ៖ ជនសង្ស័យម្នាក់ បានបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់ភ្ញៀវសុំសោរ រថយន្ត ដើម្បីរៀបចំ ចំណតរួចក៏បើកទៅបាត់តែម្តង។ ហេតុការណ៍នេះបើកើតឡើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១យប់ នៅចំណុចផ្ទះសំណាក់ "មហារុងរឿង" ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ជនរងគ្រោះ ដែលជាម្ចាស់រថយន្តមានឈ្មោះថា  រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាភ្ញៀវស្នាក់នៅផ្ទះសំណាក់ខាងលើ ។ ចំណែកឯរថយន្តដែលបាត់ ម៉ាកRivo ឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443។

ជនរងគ្រោះដែលជាម្ចាស់រថយន្តបានឲ្យដឹងថា នៅកើតហេតុមានជនសង្ស័យម្នាក់ បានបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយបានទៅគោះទ្វារ យកសោរឡានថា យកទៅរៀបចំទុកដាក់រថយន្តឲ្យមានសណ្ដាប់ធ្នាប់ ហើយក៏យកទៅបាត់តែម្ដងទៅ។ លុះដល់វេលាម៉ោង២៣និង១០នាទី ទើបដឹងថាបាត់រថយន្ត។ ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕