(បរទេស) យោងតាមសារព័ត៏មាន New Straits Times ចុះផ្សាយនាព្រឹកថ្ងៃទី១៩ វិច្ឆិកា នេះបានអោយដឹងថា សហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី កាណាដា និង ណូវែលសេឡង់ បានរួមគ្នាធ្វើការចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីការរំលោភបំពាននិងក្បត់ពាក្យសន្យារបស់ខ្លួន បន្ទាប់ពីសមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ៤រូប ត្រូវបានបណ្តេញចេញពីសភារបស់ហុងកុង។
រដ្ឋមន្រ្តីការបរទេសនៃសម្ព័ន្ធមិត្តទាំង ៥ បាននិយាយថាប្រទេសចិនក្បត់នឹងការសន្យារបស់ ខ្លួនក្នុងឆ្នាំ ១៩៨៤ ជាមួយប្រទេសអង់គ្លេសថាខ្លួននឹងការពារស្វ័យភាពរបស់ទីក្រុងហុងកុង លើកិច្ចព្រមព្រៀង បញ្ឈប់អាណានិគម និងប្រគល់ហុងកុងអោយចិន នៅឆ្នាំ ១៩៩៧ ។នៅក្នុងសេចក្ដីថ្លែងការណ៍រួមនោះដដែល រដ្ឋមន្រ្តីទាំង៥ប្រទេសបន្តថា“ សកម្មភាពរបស់ចិនគឺជាការបំពានយ៉ាងច្បាស់នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងស្របច្បាប់ចិន-អង់គ្លេសរួមគ្នា ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ” ។
ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតបក្នុងរឿងនេះនោះទេ ប៉ុន្តែគួរបញ្ជាក់ថា កាលពីសប្តាហ៍មុនអាជ្ញាធរហុងកុងបានដក សមាជិកសភា៤រូប ដោយចោទប្រកាន់ថាពួកគេបានបំផ្លាញដល់សន្តិសុខជាតិ ដែលនាំអោយសមាជិកសភាពច្រើនជាង១០រូបផ្សេងទៀត លាលែងពីដំណែងដោយសាមគ្គីភាព។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ nst