អតីតសមាជិកសភាហុងកុង៣រូប ត្រូវបានធ្វើការចាប់ខ្លួន បន្ទាប់ពីពួកលោកបាន...
-

(បរទេស) យោងតាមសារព័ត៏មាន DW ចុះផ្សាយកាលពីថ្ងៃទី ១៨ វិច្ឆិកា​ ម្សិលមិញបានអោយដឹងថា  អតីតសមាជិកសភាហុងកុងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន៣នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ពីបទរំខានដល់ដំណើរការនីតិប្បញ្ញត្តិកាលពីខែឧសភា។ លោក Ted Hui លោក Eddie Chu និងលោក Raymond Chan បានបង្ហាញអោយដឹងពីការចាប់ខ្លួននៅលើFacebookរបស់ពួកគេ។ អតីតសមាជិកសភានិយាយថាពួកគេត្រូវបានចាប់ខ្លួនពីបទនាំយករុក្ខជាតិរលួយនិងអង្គធាតុរាវចូលក្នុងសម័យនីតិប្បញ្ញត្តិកាលពីខែឧសភា។ ដែលសកម្មភាពនោះត្រូវគេចាត់ទុកថាគឺជាការតវ៉ាប្រឆាំងនឹងច្បាប់ រួមទាំងមិនគោរពបទចំរៀងជាតិរបស់ចិន។

ការប្រជុំនីតិប្បញ្ញត្តិមួយដែលនៅចុងខែឧសភា ត្រូវបានរំខាននៅពេលដែលលោក Hui ស្ទុះទៅផ្នែកខាងមុខនៃអង្គជំនុំហើយទម្លាក់រុក្ខជាតិរលួយនៅកណ្តាលអង្គប្រជុំ។ចំនែក លោក Chu និងលោក Chan ក៏បានទៅកណ្តាលអង្គប្រជុំដោយកាន់សញ្ញាដែលសរសេរថា “របប.ឃា.ត.កម្ម.មានក្លិនស្អុយជាច្រើនទសវត្សមកហើយ”។ មុនពេលពួកគេទម្លាក់ប៉ាន់ធាតុរាវមានក្លិនស្អុយនៅលើឥដ្ឋ។ប៉ូលិសហុងកុង បានចាប់ខ្លួនអតីតសមាជិកសភា៣រូបនោះ ដោយចោទប្រកាន់ពីបទមាក់ងាយ និងប៉ុនប៉ងបង្កគ្រោះថ្នាក់ដោយប្រើសារធាតុគ្រោះថ្នាក់។

លោក Hui ស្ថិតក្នុងចំនោមសមាជិកសភា១៥ដែលបានលាលែងពីដំណែងនោះ បន្ទាប់ពីគណៈកម្មាធិការនីតិប្បញ្ញត្តិចិន បានអនុម័តច្បាប់ អោយរដ្ឋាភិបាលហុងកុងអាចដកសិទ្ធិសមាជិកសភាណាដែលគេជឿថា គំរាមកំហែងដល់សន្តិសុខជាតិដោយមិនចាំបាច់ឆ្លងកាត់តុលាការនោះទេ។ដោយឡែក ការដេកចេញ និងលាលែងជាបន្តបន្ទាប់ ធ្វើអោយសមាជិកក្រុមប្រឹក្សាភាគច្រើន គឺនៅសល់តែនាក់គាំទ្ររបបក្រុងប៉េកាំងតែប៉ុណ្ណោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ dw