កំពង់ស្ពឺ៖ ជនសង្ស័យដែលមានរហស្សនាម ថា "អធិការ គ្រឿន" និងបក្ខពួកម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួនបានហើយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជនសង្ស័យមានឈ្មោះថា ក្រេម គ្រឿន អាយុ១៩ឆ្នាំ មានរហស្សនាមថា "អធិការ គ្រឿន" និងឈ្មោះ រ៉ុន ជីវ៉ា អាយុ១៩ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ជាប់ចោទពីបទ " ហិ.ង្ស ាដោយចេតនាមានស្ថានទម្ងន់ទោស"តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

ជនសង្ស័យទាំង២នាក់នេះ ប្រព្រឹត្តបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ ដែលអាចនឹងគេចខ្លួនចេញពីលំនៅឋាន ឬ អាចចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះហើយ ទើបតុលាការ ចេញដីកាចាប់ខ្លួន ជនត្រូវចោទទាំង២នាក់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ច តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ លើជនត្រូវចោទទាំង២នាក់នេះហើយ៕
