កូរ៉េខាងត្បូង រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៧១ នាក់បន្ថែមទៀត
-

(កូរ៉េខាងត្បូង) យោងតាមសារព័ត៏មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២៣ វិច្ឆិកា នេះបានអោយដឹងថា កូរ៉េខាងត្បូងរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧១ នាក់បន្ថែមទៀត នៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីខ្លួន បានប្រកាសពីការរឹតបន្តឹងគម្លាតសង្គមសារជាថ្មីដើម្បីប្រយុទ្ធជាមួយរលកទី៣ របស់កូវីដ-១៩។

យោងតាមទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺរបស់កូរ៉េខាងត្បូង (KDCA) បានអោយដឹងថា ចំនួនអ្នកឆ្លងនៅថ្ងៃច័ន្ទនេះគឺមាន២៧១នាក់ ប៉ុន្តែ បើធៀបទៅគឺតិចជាងកាលពីថ្ងៃអាទិត្យ ដែលមានរហូតដល់៣៣០នាក់។កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបានពង្រឹងវិធានការណ៍គម្លាតសង្គមសម្រាប់ទីក្រុងសេអ៊ូលនិងតំបន់ក្បែរៗ រួមមាន បិទរង្គសាល ក្លឹបរាត្រី កំណត់ចំនួនមនុស្សក្នុងការជួបជុំសាសនា និងការរឹតត្បិតការបរិភោគនៅក្នុងភោជនីយដ្ឋាន គិតចាប់ពីថ្ងៃអង្គារតទៅ។

ប៉ុន្តែយ៉ាងណាក៏ដោយ កូរ៉េខាងត្បូង ត្រូវគេចាត់ទុកថាជាប្រទេសដែលជោគជ័យក្នុងការគ្រប់គ្រងស្ថានភាពជំងឺ បន្ទាប់ពីប្រទេសចិន ដោយមិនមានការឆ្លងធ្ងន់ធ្ងរខ្លាំង ទាំងនេះគឺដោយសារតែ ការឆ្លើយតប និង ចាត់វិធានការទាន់ពេលរួចមាន ការបំពាក់ឧបករណ៏តាមដានចាប់សញ្ញា ការធ្វើតេស្តទូលំទូលាយនិងមានគ្រប់ទីកន្លែង ចត្តាឡីស័ក និងគម្លាតសង្គមផ្សងៗ។គួរបញ្ជាក់ផងដែរថា អ្នកឆ្លងសរុបទូទាំងប្រទេស មានចំនួន៣១,០០៤នាក់ និងអ្នកបាត់បង់ជីវិតមាន៥០៩នាក់ ដែលគេចាត់ទុកថា កូរ៉េខាងត្បូងនៅតែគ្រប់គ្រងស្ថានភាពបានល្អ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia