ត្រៀមអាវក្រាស់ៗ និងថែរក្សាសុខភាពផងបងប្អូន! ចាប់ពីដើមខែធ្នូ ដល់ខែមករា ឆ្នាំ២០២១​ អាកាសធាតុនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង
ស៊ីហៀង
-

ក្រសួងធនធានទឹក​និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ដោយសារឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina ) បានធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្តប់មកលើកម្ពុជា។

តាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ (ខែធ្នូ ឆ្នាំ២០២០ - ខែមករា ឆ្នាំ២០២១)  ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ជាងបណ្តាឆ្នាំកន្លងទៅ។

១. ធាតុអាកាសនឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃមួយចំនួនអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖

- បណ្តាខេត្តនៅភាគខាងលើ​ ក្នុងភូមិសាស្រ្តតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី១៨អង្សា ទៅ២១អង្សា។

-បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាព អប្បបរមាក្នុងរង្វង់ពី១៩អង្សា - ២២អង្សា។

២. ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២០ ដល់បំណាច់ខែមករា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះ ធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃក្នុងនោះមាន៖

- បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកដល់ក្នុងរង្វង់ពី ១៦អង្សា - ១៩អង្សា។

- បណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨អង្សា-២១អង្សា។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី និងសាធារណជន សូមជ្រាបព័ត៏មាន។

ក្រសួងធនធាតុទឹក​ និងឧតុនិយម បាននិងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជ​ម្រាបជូនព័ត៏មានជាបន្តបន្ទាប់ ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល។