(បរទេស) Mahinda Dasanayaka មានវ័យ៣២ ឆ្នាំគឺជាមន្រ្តីការពារកុមាររបស់រដ្ឋាភិបាលម្នាក់ នៅចុងសប្តាហ៏បន្ទាប់ពីសំរាកពីការងារ គាត់តែងតែជិះម៉ូតូ ទៅតំបន់ដាច់ស្រយាល ឆ្លងកាត់ផ្លូវភក់ដែលភាគច្រើនឆ្លងកាត់តំបន់ភ្នំដែលពុំសូវមានការអភិវឌ្ឍន៏ - ដើម្បីជួបកុមារក្រីក្រនៅតំបន់ជនបទនៃប្រទេសស្រីលង្កា។
គាត់បានឃើញពីភាពលំបាករបស់ក្មេងៗទាំងនោះ ដោយពួកគេស្ថិតនៅក្នុងវ័យសិក្សា ហើយពុំមានបណ្ណាល័យនៅក្នុងតំបន់ពួកគេរស់នៅ។ដោយហេតុនេះហើយ គាត់បាននឹកឃើញគំនិតមួយ ដោយបានចាប់ផ្តើមកម្មវិធី Book and Me “ សៀវភៅនិងខ្ញុំ”កាលពី៣ឆ្នាំមុនគឺនៅក្នុងឆ្នាំ២០១៧ ហើយវាបានក្លាយទៅជាទីពេញនិយមសំរាប់កុមារនៅតាមទីជនបទ។
គាត់បានអោយដឹងថា ខ្ញុំចាប់ផ្តើមដំបូងជាមួយនិងសៀភៅ១៥០ក្បាលតែប៉ុណ្ណោះ ដោយបានដាក់ពីក្រោយម៉ូតូ និងជិះទៅក្នុងភូមិដាច់ស្រយាលទាំងនោះដើម្បីជួបក្មេងៗ។ គាត់បន្តថា “ ក្មេងទាំងនោះមិនធ្លាប់បានឃើញ ឬបានអានសៀវភៅកុមារទាំងនេះទេ រហូតដល់ខ្ញុំបានមកដល់ភូមិរបស់ពួកគេ”។
គាត់បន្តថា មកទល់ពេលនេះគាត់មានសៀវភៅជា៣០០០ក្បាលហើយ ដែលបានមកពីការបរិច្ចាកផ្សេងៗ និងបានមកពីមិត្តភក្ភិគាត់អោយ។គាត់បានប្រាប់អោយដឹងថា ខ្ញុំពិតជាមានភាពរីករាយ បើទោះបីជាខ្ញុំត្រូវធ្វើការហើយគ្មានពេលសំរាកនៅថ្ងៃសៅរ៍អាទិត្យក៏ដោយចុះ តែខ្ញុំគ្មានបំណងនិងបញ្ឈប់បណ្ណាល័យចល័តនេះទេ ព្រោះថាជារៀងរាល់ចុងសប្តាហ៍ក្មេងៗទាំងនោះ តែងតែទន្ទឹងរងចាំផ្លូវរបស់ខ្ញុំ ដើម្បីពួកគេបានអានសៀវភៅថ្មីៗ។
លោកបន្តថា “ខ្ញុំចង់ផ្លាស់ប្តូរទស្សនៈរបស់ក្មេងៗមើលមកសង្គមនេះ ខ្ញុំចង់បណ្តុះអោយពួកគេមានក្តីស្រម៉ៃ មិនថាពួកគេស្ថិតនៅទីណាក៏ដោយ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia