(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNNនៅថ្ងៃទី១៥ធ្នូនេះបានអោយដឹងថា នៅថ្ងៃអង្គារ៍នេះ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនបានអបអរសាទរចំពោះលោកចូ បៃដិនចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក គឺ៦ សប្តាហ៍បន្ទាប់ពីការបោះឆ្នោតនិងមួយថ្ងៃបន្ទាប់ពីអង្គបោះឆ្នោតបានបញ្ជាក់ជាផ្លូវការនូវជ័យជម្នះរបស់លោកបៃដិន។
ស្របពេលមេដឹកនាំពិភពលោកជាច្រើនបានអបអរសាទរប្រធានាធិបតីជាប់ឆ្នោតត្រឹមតែរយះពេល៣ថ្ងៃនៃការបោះឆ្នោត វិមានក្រឹមឡាំង បាននិយាយថា វាជារឿងមួយដែលត្រឹមត្រូវដែលលោកពូទីនរងចាំលទ្ធផលជាផ្លូវការសិនមុននឹងលោកអបអរសារទរ។
ដោយឡែក លោកពូទីន បានជូនពរអនាគត់ប្រធានាធិបតីថ្មីរូបនេះថា អោយទទួលបានជោគជ័យគ្រប់បែបយ៉ាងនិងបានបង្ហាញការជឿជាក់ថារុស្ស៊ីនិងសហរដ្ឋអាមេរិកដែលទទួលខុសត្រូវពិសេសចំពោះសន្តិសុខនិងស្ថេរភាពពិភពលោកទោះបីជាប្រទេសទាំង២មានភាពខុសគ្នាបន្តិចមែន ប៉ុន្តែពួកគេពិតជាអាចចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
លោកបានបន្ថែមថា “ កិច្ចសហប្រតិបត្តិការរុស្ស៊ី - អាមេរិកផ្អែកលើគោលការណ៍ស្មើភាពគ្នានិងការគោរពគ្នាទៅវិញទៅមកនឹងបំពេញនូវផលប្រយោជន៍របស់ប្រជាជននៅក្នុងប្រទេសទាំងពីរក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល" ។គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា "សម្រាប់ផ្នែករបស់ខ្ញុំខ្ញុំត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងជាមួយអ្នករួចរាល់ហើយ" ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn