(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNAនៅថ្ងៃទី១៦ ធ្នូនេះបានអោយដឹងថា សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី ១៥ ធ្នូបានអនុញ្ញាតឱ្យមានការធ្វើតេស្តិ៍នៅផ្ទះយ៉ាងរហ័សជាលើកដំបូងសម្រាប់រកមេរោគកូវីដ-១៩ ដែលពលរដ្ឋអាចរកបាននៅតាមហាងឱសថនិងផ្តល់លទ្ធផលក្នុងរយៈពេលប្រហែល ២០ នាទីតែប៉ុណ្ណោះ។
ឧបករណ៍ធ្វើតេស្តថ្មីនេះត្រូវបានបង្កើតឡើងនៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិផ្ទាល់ ដោយក្រុមហ៊ុន Ellume លក់ក្នុងតម្លៃសមរម្យគឺត្រឹមតែ៣០ដុល្លា ហើយក្រុមហ៊ុនគ្រោងនឹងលក់ចេញប្រមាណ៣លានគ្រឿងក្នុងខែមករាឆ្នាំ២០២១ និងរាប់សិបលានគ្រឿងទៀតនៅខែបន្ទាប់។
ដោយឡែក ប្រធានរដ្ឋបាលចំណីអាហារលោក Stephen Hahn មានប្រសាសន៍ថា “ យើងកំពុងជួយពង្រីកលទ្ធភាពទទួលបានការធ្វើតេស្ត៍របស់ជនជាតិអាមេរិកកាត់បន្ថយបន្ទុកលើមន្ទីរពិសោធន៍ហើយផ្តល់ឱ្យជនជាតិអាមេរិកនូវជម្រើសនៃការធ្វើតេស្តបន្ថែមទៀតរួមទាំងភាពងាយស្រួលនិងសុវត្ថិភាពនៅគេហដ្ឋានរបស់ពួកគេ” ។
គួរបញ្ជាក់ថា ឧបរកណ៍ធ្វើតេស្តនេះមានរាងតូច អាចភ្ជាប់ជាមួយកម្មវិធីទូរស័ព្ទ ដើម្បីបង្ហាញពីលទ្ធផល ហើយវាទាមទារអោយអ្នកប្រើប្រាស់វាយបញ្ជូលលេខកូដតំបន់រស់នៅ ថ្ងៃខែឆ្នាំកំណើត ដើម្បីងាយស្រួលក្នុងការរាយការណ៍ទៅកាន់អាជ្ញាធរ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn