កើនឡើងរាល់ថ្ងៃ! ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មី៤៦នាក់ទៀត ខណៈមិនរាប់បញ្ជូលទាំងពលករចំណាកស្រុកឡើយ
-

(បរទេស) យោងតាមសារព័ត៏មាន Bangkok Post ចុះផ្សាយនៅរសៀលថ្ងៃទី ២៣ ខែធ្នូនេះបានអោយដឹងថា ប្រទេសថៃនៅថ្ងៃពុធនេះបានរាយការណ៍ថាមានអ្នកឆ្លងកូវីដ-១៩ករណីថ្មីចំនួន ៤៦នាក់ ក្នុងនោះ៣៩ នាក់ជាពលរដ្ឋថៃដែលឆ្លងក្នុងសហគមន៍និង ៧ករណីទៀតជាការនាំចូល ខណៈនេះគឺមិនទាន់កត់ត្រាទុកព័ត៌មានលំអិតនៃពលករចំណាកស្រុកដែលឆ្លងនៅក្នុងបន្ទប់ស្នាក់នៅឡើយទេ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព កូវីដ-១៩ បាននិយាយថាការឆ្លងក្នុងសហគមន៍ថ្មីចំនួន ៣៩ ករណីភាគច្រើនទាក់ទងនឹងផ្សារបោះដុំបង្គាក្នុងខេត្តសាមុតសាខន។

ដោយឡែក អ្នកឆ្លង១១នាក់គឺនៅទីក្រុងបាងកក និងក្រៅពីនេះគឺរកឃើញនៅខេត្តចំនួន ១៦ផ្សេងទៀត។គួរបញ្ជាក់ថា ពួកគេភាគច្រើនជាអ្នកនេសាទជនជាតិថៃ អ្នកលក់ក្នុងផ្សារ និងអ្នកផ្តល់សេវាដឹកជញ្ជូនអាហារសមុទ្រ ហើយអ្នកផ្សេងទៀត រួមមានបុគ្គលិកភោជនីយដ្ឋាននិងស្ត្រីមេផ្ទះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost