(បរទេស) ក្រសួងសុខាភិបាលប្រទេសបារាំងបានអោយដឹងថា បារាំងបានបញ្ជាក់ពីករណីដំបូងនៃការឆ្លងកូវីដ-១៩ទម្រង់ថ្មីដែលទើបនិងផ្ទុះឡើងនៅចក្រភពអង់គ្លេសក្នុងប្រទេសរបស់ខ្លួនហើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៏មានCNA នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ។
វីរុសទម្រង់ថ្មីដែលក្រុមអ្នកជំនាញកំពុងតែមានការព្រួយបារម្ភព្រោះមានមានលទ្ធភាពឆ្លងលឿនជាងមុនដល់ទៅ៧០ភាគរយ បានជំរុញឲ្យប្រទេសជាង៥០ហើយក្នុងពិភពលោក បានដាក់ការរឹតត្បិតការធ្វើដំណើរលើចក្រភពអង់គ្លេស។
យ៉ាងណាមិញ ក្រសួងសុខាភិបាលបារាំងបាននិយាយនៅល្ងាចថ្ងៃសុក្រម្សិលមិញថា “ ករណីដំបូងដែលបានរកឃើញក្នុងប្រទេសបារាំង គឺជាពលរដ្ឋបារាំងដែលបានរស់នៅក្នុងប្រទេសអង់គ្លេស ហើយបានត្រលប់មកប្រទេសបារាំងវិញនៅថ្ងៃទី១៩ ធ្នូ ហើយគេត្រូវបានដាក់អោយធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កមួយក្នុងប្រទេសបារាំង។ហើយក្រោយមក គេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-ទម្រង់ថ្មីនេះនៅថ្ងៃទី២១ធ្នូ។
គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលបារាំងបានអនុវត្តការតាមដានអ្នកជំងឺដោយយកចិត្តទុកដាក់បំផុត រួមទាំងរកមើលអ្នកដែលអាចពាក់ព័ន្ធជាមួយបុគ្គលម្នាក់នេះដូចគ្នា។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia