ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ករណីថ្មីដល់ទៅ១២១ករណី ក្នុងនោះ៩៤ករណីគឺជាការឆ្លងក្នុងសហគមន៍
-

(បរទេស) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីរកឃើញករណីកូវីដ-១៩ថ្មីចំនួន ១២១ ករណីក្នុងនោះ ៩៤ ករណីជាការឆ្លងក្នុងសហគមន៍ទៅលើពលរដ្ឋថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មានBangkok Post កាលពីថ្ងៃអាទិត្យ ទី២៧ ធ្នូ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩បានអោយដឹងថា ក្រៅពីការឆ្លងក្នុងសហគមន៍ទៅលើពលរដ្ឋថៃ នឹងពលករចំណាកស្រុក ៨ករណីទៀតគឺជាករណីនាំចូលមកពីក្រៅប្រទេស។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ករណីថ្មីគឺសុទ្ធតែទាក់ទងនឹងការផ្ទុះឡើងនៅចំណុចកណ្តាលនៃខេត្តសាមុតសាខន ហើយខេត្តដែលរកឃើញក្នុងការឆ្លងករណីថ្មីនេះរួមមាន បាងកក, ណាខុន ផាទុម, រ៉ាក់យ៉ង, រ៉ាក់ឆាបូរី, ណាខន សាវ៉ាន់, សាមុខ ប្រាកាន, ខុន ខេ, សារ៉ាក់បូរី, ភេឆាបូរី នឹងខេត្ត ស៊ូរិន។

គួរបញ្ជាក់ថា ការរកឃើញករណីថ្មីបន្ថែមទៀតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ធ្វើអោយប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ៦,១៤១នាក់ និងស្លា.ប់គឺនៅត្រឹម៦០នាក់ដដែលមិនមានការកើនឡើងនោះទេ។ 

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost