លោក ប្រាយុធ ព្រមានជាបន្ទាន់ឲ្យពលរដ្ឋថៃស្នាក់នៅផ្ទះ នឹងធ្វើដំណើរក្នុងករណីចាំបាច់បំផុតតែប៉ុណ្ណោះ
-

(បរទេស) នាយករដ្ឋមន្រ្តីលោកប្រាយុធ ចាន់អូចា កាលពីថ្ងៃអង្គារបានជម្រុញឱ្យប្រជាជនស្នាក់នៅផ្ទះសម្រាប់ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីដោយផ្អែកលើការងើបឡើងវិញនៃកូវីដ-១៩ថ្មីៗនេះ និងព្រមានឲ្យពលរដ្ឋធ្វើដំណើរក្នុងតែករណីចាំបាច់បំផុតតែប៉ុណ្ណោះ ខណៈករណីឆ្លង បន្តកើនឡើងតាមបណ្តាខេត្តនានានឹងទីក្រុងបាងកក នេះបើតាម Bangkok Post ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ធ្នូនេះ។

លោកបាននិយាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា“ យើងប្រហែលជាត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅផ្ទះនៅឆ្នាំនេះនិងចំនួនប្រជាជនមានកំណត់។

ដោយឡែក បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារលោក ប្រាយុទ្ធ មិនបានឆ្លើយតបដោយផ្ទាល់ទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយដូចដែលគាត់តែងតែធ្វើនោះទេប៉ុន្តែផ្ទុយទៅវិញបានបង្ហោះវីដេអូឃ្លីបដែលគាត់បានថតនៅវិមានរដ្ឋាភិបាល។

លោកបាននិយាយថា “ សូមកុំឲ្យប្រជាជនមានការភ័យស្លន់ស្លោ ប៉ុន្តែ
ចាំបាច់ត្រូវការពារខ្លួនឯង និងជៀសវាងការធ្វើដំណើរទៅកន្លែងមានមនុស្សច្រើន”។

យ៉ាងណាមិញ លោកក៏បានសង្កត់ធ្ងន់ថាប្រជាជនគួរតែគោរពតាមដំបូន្មានរបស់អាជ្ញាធរសុខាភិបាលលើវិធានការបង្ការរបស់ កូវីដ-១៩ និងតាមដានការធ្វើបច្ចុប្បន្នភាពដែលបានបង្ហោះដោយមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ។

បន្ថែមពីនេះ លោកបានជំរុញឲ្យពលរដ្ឋថៃប្រើកម្មវិធីស្កេនលេខដូដថៃ ឆាណា គ្រប់ពេលដែលពួកគេទៅទីសាធារណៈ ដែលវិធានការនេះបង្កើតឡើងដោយរដ្ឋាភិបាលក្នុងការតាមដានអ្នកដែលសង្ស័យថាផ្ទុកកូវីដ-១៩ និងជូនដំណឹងដល់អ្នកដែលធ្លាប់បាននៅជិតបុគ្គលនោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost