(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post កាលពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះបានអោយដឹងថា ប្រទេសថៃបានរាយការណ៍ថាមានអ្នកស្លា.ប់ដោយសារកូវីដ-១៩ ចំនួន ២ នាក់បន្ថែមទៀតនិងមានការឆ្លងថ្មីចំនួន ២៧៩ ករណី ខណៈ ២៧៥ គឺជាការឆ្លងក្នុងសហគមន៍ ខណៈចំពេលមានការព្រួយបារម្ភថានិន្នាការនេះនឹងបន្តកើនឡើងស្របពេលពលរដ្ឋថៃនាំគ្នាធ្វើដំណើរកាន់តែច្រើនក្នុងឱកាសវិស្សមកាលឆ្នាំថ្មី។
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩របស់ថៃបានឲ្យដឹងថា អ្នកស្លា.ប់ថ្មីចំនួន ២នាក់បន្ថែមទៀត ធ្វើឲ្យអ្នស្លា.ប់សរុបកើនដល់ ៦៣នាក់ ខណៈករណីឆ្លងសរុបកើនឡើងដល់ទៅ ៧,១៦៣ ករណីទូទាំងប្រទេស។
លោកវេជ្ជបណ្ឌិត Taweesilp មានប្រសាសន៍ថា ការឆ្លងក្នុងសហគមន៍នេះគឺរាប់បញ្ជូលអ្នកដែលជាប់ទាក់ទងនឹងការឆ្លងជាចង្កោមនៅសាមុខសាខន រ៉ាក់យ៉ង និង ឆុនបូរី បូករួមទាំងការឈប់សម្រាក៤ថ្ងៃរបស់ពលរដ្ឋថៃសម្រាប់ពិធីបុណ្យឆ្លងឆ្នាំសាកលនេះ។លោកវេជ្ជបណ្ឌិត បានព្រមានថា ស្ថានភាពនៅតែធ្ងន់ធ្ងរហើយវាអាចចំណាយពេលខ្លះសម្រាប់អាជ្ញាធរដើម្បីរក្សាស្ថានការណ៍នេះឲ្យស្ថិតក្រោមការគ្រប់គ្រងបាន។
លោកមានប្រសាសន៍បញ្ជាក់ថា “ កុំសង្ឃឹមថាការរីករាលដាលនឹងបញ្ចប់នៅថ្ងៃនេះឬថ្ងៃស្អែក”ប៉ុន្តែលោកសង្ឃឹមថាស្ថានការណ៍និងបានធូរស្បើយនៅពាក់បណ្ដាលខែកុម្ភះ។
គួរបញ្ជាក់ថា អ្នកនាំពាក្យរូបនេះបាននិយាយថាក្រសួងសុខាភិបាលសាធារណៈបានបញ្ជាឱ្យប្រធានមន្ទីរសុខាភិបាលនៅទីក្រុងបាងកកនិងខេត្តចំនួន ៨ ផ្សេងទៀតពង្រឹងវិធានការសុខភាពនិងពិចារណាបិទកន្លែងកម្សាន្តទាំងអស់ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpos