(បរទេស) និយតករថ្នាំរបស់ឥណ្ឌាកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ៣ ខែមករា) បានផ្តល់ការយល់ព្រមចុងក្រោយសម្រាប់ការប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២ប្រភេទ ដែលមួយត្រូវបានបង្កើតដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford និងមួយទៀតគឺផលិតដោយក្រុមហ៊ុនក្នុងស្រុក Bharat Biotech នេះបើយោងតាមការចេញផ្សាយរបស់CNA កាលពីថ្ងៃម្សិលមិញ។
ប្រទេសឥណ្ឌាជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ លើពិភពលោក ហើយខ្លួនគ្រោងនិងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយក្នុងប្រទេស នាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។លោក VG Somani ប្រធានគ្រប់គ្រងនិយតករថ្នាំរបស់ឥណ្ឌាបាននិយាយថា វ៉ាក់សាំង AstraZeneca / Oxford គឺមានប្រសិទ្ធភាព ៧០,៤២ ភាគរយ ហើយចំនែកវ៉ាក់សាំងដែលផលិតក្នុងស្រុក Bharat Biotech ក៏មានសុវត្ថិភាពខ្ពស់ និងផ្តល់នូវប្រព័ន្ធភាពស៊ាំដល់រាងកាយបានល្អដូចគ្នាដែរ។
ហើយវ៉ាក់សាំង AstraZeneca ដែលគ្រោងនឹងចាក់នៅឥណ្ឌា និងផលិតនៅក្នុងប្រទេសដោយវិទ្យាស្ថានឥណ្ឌា Serum ហើយចំនែក Bharat Biotech វិញគឺសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌាគ្រប់គ្រងដោយរដ្ឋាភិបាល។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី បានអបអរសាទរចំពោះការអនុម័តនេះ លោកមានប្រសាសន៍ថា"វានឹងធ្វើឱ្យប្រជាជនឥណ្ឌាគ្រប់រូបមានមោទនភាពដែលវ៉ាក់សាំងទាំងពីរដែលត្រូវបានផ្តល់ការអនុញ្ញាតិឱ្យប្រើប្រាស់បន្ទាន់ សុទ្ធតែបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌា។" លោកបាននិយាយនៅលើបណ្តាញសង្គម Twitter ដោយហៅវាថាជាសញ្ញានៃប្រទេសដែលពឹងផ្អែកលើខ្លួនឯង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia