(បរទេស) កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះប្រទេសថៃបានរាយការណ៍អ្នកឆ្លងកូវីដ-១៩ករណីថ្មីចំនួន ៥៤១ នាក់នៅខេត្តសាមុតសាខន ដែលជាចំនុចក្តៅគគុកនៃកាផ្ទុះឡើងក្នុងសហគមន៍ប្រទេសថៃ ដែលករណីថ្មីនេះ ភាគច្រើនគឺសុទ្ធសឹងតែជាពលករចំណាកស្រុកមកធ្វើការនៅខេត្តមួយនេះតែម្តង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post កាលពីថ្ងៃទី ០៣ មករា ម្សិលមិញនេះ។
ខេត្តនេះបានប្រកាសចំនួនករណីថ្មីដែលកំពុងកើនឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលធ្វើអោយខេត្តសាមុតសាខនមានអ្នកឆ្លងសរុបរហូតដល់ទៅ ២,៤០១។
យ៉ាងណាមិញ ករណីថ្មីដែលត្រូវបានរកឃើញនៅក្នុងខេត្តនឹងត្រូវបញ្ជូលទៅក្នុងព័ត៏មានបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅថ្ងៃច័ន្ទនេះ។
គួរបញ្ជាក់ថា ផ្សារបង្គារនៅសាមុតសាខន ដែលជាចំនុនផ្ទុះឡើងនៃករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍ ត្រូវបានរាលដាលដល់ខេត្តចំនួន ៥៣ ក្នុងប្រទេសថៃ ខណៈផ្សារនិងតំបន់មួយចំនួនទៀតនៅក្នុងស្រុកមឿងដែលទីតាំងផ្សារនេះស្ថិតនៅគឺត្រូវបានបិទហើយបានដាក់បំរាមគោចរយ៉ាងតឹងរឹង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost