ស្ងាត់ៗប្រទេសឡាវបានចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន អោយបុគ្គលិកពេទ្យជួរមុខរបស់ខ្លួនមួយចំនួនរួចហើយ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានឡាវ Vientiane Times នៅថ្ងៃទី៤ មករានេះបានអោយដឹងថា ប្រទេសឡាវបានចាក់វ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុនចិនSinopharm អោយបុគ្គលិកពេទ្យជួរមុខរបស់ខ្លួនមួយចំនួនរួចហើយ នេះបើតាមការអោយដឹងរបស់រដ្ឋមន្រ្តីក្រសុខាភិបាលឡាវ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវ វេជ្ជបណ្ឌិត Bounkong Syhavong បានអោយដឹងថា ឡាវទទួលបានវ៉ាក់សាំងកូវីដ-១៩ពីក្រុមហ៊ុនចិន Sinopharm ប្រមាណ ២ពាន់ដូស ហើយខ្លួនបានធ្វើការចាក់ជូនលើកដំបូងដល់ក្រុមគ្រូពេទ្យជួរមុខប្រមាណ២០០នាក់។លោកបានបន្តថា “ ការចាក់វ៉ាក់សាំងគឺទទួលបានលទ្ធផលល្អ ហើយរហូតមកទល់ពេលនេះ មិនមានផលប៉ះពាល់អវិជ្ជមានអ្វីលើអ្នកដែលបានទទួលវ៉ាក់សាំងនេះនោះទេ”។

យ៉ាងណាមិញ មកទល់ពេលនេះប្រទេសឡាវមិនទាន់អនុម័តអោយប្រើប្រាស់វ៉ាក់សាំងណាមួយជាផ្លូវការនោះឡើយ ខណៈខ្លួនក៏ទទួលបានវ៉ាក់សាំង Sputnik ពីរុស្ស៊ី និងត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ ពីគម្រោង COVAX ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសុខភាពពិភពលោក។

គួរបញ្ជាក់ថា គិតមកត្រឹមថ្ងៃអាទិត្យ ទី៣ ខែមករា ម្សិលមិញ ប្រទេសឡាវមានអ្នកឆ្លងសរុប ត្រឹមតែ ៤១ ករណីតែប៉ុណ្ណោះ និងគ្មានករណីស្លា.ប់នោះទេ ហើយខណៈ៤០នាក់បានជាសះស្បើយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ vientianetimes