(បរទេស) អ្នកទេសចរប្រមាណ ១០០ នាក់ត្រូវបានបញ្ជូនចេញពីកោះឡានក្នុងស្រុកបាងលុម ខេត្តឆុនបូរី ជាបន្ទាន់ ខណៈកោះនេះត្រូវបានដាក់នៅក្រោមការបិទទ្វាតំបន់ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២០ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់Bangkok Post នៅព្រឹកថ្ងៃ ទី០៥ មករា នេះ។
ការបិទទ្វាកោះនេះត្រូវបានប្រកាសនៅល្ងាចថ្ងៃអាទិត្យដោយគណៈកម្មាធិការកូវីដ-១៩របស់កោះនេះ ក្រោយមនុស្សម្នាក់ត្រូវបានរកឃើញថាឆ្លងកូវីដ-១៩ នៅកន្លែងផ្តល់សេវាកម្មឆ្លងសាឡាង ផែ បាលីហាយ ដែលភ្ជាប់ប៉ាតាយ៉ានិងកោះឡាន។ការិយាល័យសុខភាពសាធារណៈរបស់ឆុនបូរីក៏បានស្នើដល់អ្នកដែលធ្វើដំណើររវាងប៉ាតាយ៉ានិងកោះឡានឆ្លងកាត់ផែបាលីហាយនៅចន្លោះថ្ងៃទី ១៨-៣១ ខែធ្នូចាំបាច់ត្រូវតាមដានសុខភាពរបស់ខ្លួនឯងឱ្យបានដិតដល់។
យ៉ាងណាមិញ អាជ្ញាធរបានជូនដំណឹងដល់ម្ចាស់ផ្ទះសំណាក់និងរមណីយដ្ឋាននានាប្រាប់ភ្ញៀវទាំងអស់អោយចាកចេញ ហើយហាមដាច់ខាតក្នុងការទទួលយកភ្ញៀវថ្មីរហូតដល់ស្ថានភាពត្រូវបានដោះស្រាយនិងមានសេចក្តីជូនដំណឹងថ្មី។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ជូនទេសចរចេញពីកោះនេះរួចហើយ សេចក្តីប្រកាសស្តីពីការបិទទ្វាកោះនេះគឺបានន័យថា ប្រជាជននៅលើកោះឡានគឺមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីកោះនេះទេរហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost