ថ្ងៃនេះប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ករណីថ្មី រហូតដល់ទៅ ៥២៧ នាក់
-

(បរទេស) នៅថ្ងៃអង្គារនេះក្រសួងសុខាភិបាលថៃបានរាយការណ៏អ្នកឆ្លងកូវីដ-១៩ ករណីថ្មីរហូតដល់ទៅ ៥២៧ នាក់ ហើយអាជ្ញាធរបានអោយដឹងថា ភាគច្រើនគឺសុទ្ធសឹងតែជាពលករចំណាកស្រុក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន Bangkok Post នៅថ្ងៃទី ០៥ មករា នេះ។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩(CCSA)បាននិយាយថាករណីថ្មីរួមមានពលករចំណាកស្រុកចំនួន ៤៣៩ នាក់ដែលត្រូវបានធ្វើរោគវិនិច្ឆ័យអំឡុងយុទ្ធនាការធ្វើតេស្តរួមជាមួយជនជាតិថៃ ៨២ នាក់។អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពីទីតាំងជាក់លាក់របស់ពលករទាំងនោះទេ ប៉ុន្តែលោកមានប្រសាសន៍ថា ពួកគេសុទ្ធតែបង្ហាញខ្លួននៅតំបន់ជុំវិញផ្សារបង្គាខេត្តសាមុតសាខនទាំងអស់។

លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថា CCSA បានសំរេចបន្តក្រឹត្យបន្ទាន់ស្តីពីការរឹតបន្តឹងរហូតដល់ចុងខែក្រោយបន្ទាប់ពីវិធានការណ៍បច្ចុប្បន្ននឹងត្រូវផុតសុពលភាពនៅថ្ងៃ ទី១៥ មករា នេះ ហើយស្ថាភាពនឹងការរាលដាលគឺមិនទាន់បានអន់ថយនៅឡើយ។

គួរបញ្ជាក់ថា មកទល់ពេលនេះប្រទេសថៃមានអ្នកឆ្លងសរុបចំនួន ៨,៩៦៦ និង៦៥នាក់បានស្លា.ប់ ខណៈការផ្ទុះឡើងនៃជំងឺនេះបានរាលដាលដល់ខេត្តចំនួន ៥៥ ហើយក្នុងចំណោមខេត្តទាំង ៧៧ របស់ប្រទេសថៃ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost