និស្សិតវៀតណាមម្នាក់ អនុញ្ញាតឲ្យចេញពីកន្លែងធ្វើចត្តាឡីស័ករួចហើយ ទើបរកឃើញថាវិជ្ជមានកូវីដ-១៩
-

(បរទេស) និស្សិតវៀតណាមម្នាក់ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកត្រូវបានគេរកឃើញថាមានភាពវិជ្ជមាន កូវីដ-១៩ បន្ទាប់ពីគាត់បានចាកចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅភាគខាងជើងប្រទេសវៀតណាមរួចហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មានវៀតណាម Toui Tre នៅរសៀលថ្ងៃទី ៥ មករា នេះ។

អាជ្ញាធរនៅទីក្រុងហាឡុងរដ្ឋធានីនៃខេត្ត Quang Ninh ភាគខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថា D.T.N. អាយុ ២១ ឆ្នាំបានធ្វើចត្តាឡីស័កបន្ទាប់ពីរូបគេមកដល់វៀតណាមកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ ហើយលទ្ធផលធ្វើតេស្តរបស់គេគឺអវិជ្ជមាន។

ដោយឡែក មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺហាណូយបានប្រកាសលទ្ធផលនៃការធ្វើតេស្តលើកទី ២ របស់គាត់បន្ទាប់ពីអនុញ្ញាតអោយរូបគេចាកចេញពីមណ្ឌល ធ្វើចត្តាឡីស័កគ្រប់គ្រងដោយយោធាមួយនៅក្នុងរដ្ឋធានីនៃប្រទេសវៀតណាមកាលពីរសៀលថ្ងៃច័ន្ទ ហើយលទ្ធផលលើកទី២នេះ បង្ហាញថាគាត់គឺវិជ្ជមានកូវីដ-១៩។

យោងតាមពិធីសាររបស់ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងថា មនុស្សម្នាក់ត្រូវបានអនុញ្ញាតអោយចាកចេញពីកន្លែងធ្វើចត្តាឡីស័ក លុះត្រាតែគេនៅដាច់ដោយឡែករយះពេល ១៤ថ្ងៃ ហើយធ្វើតេស្តអវិជ្ជមាន២ដង ហើយអ្នកជំងឺម្នាក់នេះបានមកដល់វៀតណាមតាំងពីថ្ងៃទី២០ ធ្នូមកម្លេះ។

គួរបញ្ជាក់ថា អាជ្ញាធរបានអោយដឹងថា អ្នកជំងឺម្នាក់នេះត្រូវបានក្រុមគ្រួសារមកទទួល បន្ទាប់ពីអនុញ្ញាតអោយចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយពេលនេះអាជ្ញាធរកំពុងនាំរូបគេមកព្យាបាលហើយអ្នកជិតដិតជាមួយរូបគេទាំងអស់ក៏កំពុងដាក់អោយធ្វើចត្តាឡីស័កនិងតាមដានសុខភាពដូចគ្នា។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews