បន្ទាន់! ក្រសួងទេសចរណ៍ សម្រេចផ្អាកអាជីវកម្មក្លឹបហាត់ប្រាណ ទូទាំងរាជធានី-ខេត្ត ជាបណ្តោះអាសន្ន ចាប់ពីពេលនេះតទៅ
ស៊ីហៀង
-

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍ បានសម្រេចផ្អាកអាជីវកម្មក្លឹបហាត់ប្រាណ ដើម្បីសុខភាព នៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានី-ខេត្ត ឡើងវិញ ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ ការរីករាល់ដាល នៃជំងឺកូវីដ១៩​ ក្នុងអំឡុងពេលព្រឹត្តិការណ៍២០ កុម្ភៈ ។

ក្រសួងទេសចរណ៍ សូមជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាល ជ្រាបថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងអំឡុងពេលព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ រាល់សកម្មភាពអាជីវកម្ម សេវាកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានី-ខេត្ត ត្រូវផ្អាកសកម្មភាពជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវអភិបាល ចាត់ចែង អនុវត្តតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕