ប្រវត្ដិតស៊ូរបស់លោកវេជ្ជបណ្ឌិតសាសា ពីក្មេងជនបទ ក្លាយទៅជា ប្រេសិតពិសេសតំណាងឲ្យប្រទេសក្នុងអង្គការសហប្រជាជាតិ
-

លោកវេជ្ជបណ្ឌិតសាសា កើតនៅក្នុងភូមិលឡីនី ក្នុងភូមិកុលសម្ព័ន្ធភ្នំ ដែលជាគ្រីស្ទសាសនា នៅរដ្ឋកាឈិនដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសឥណ្ឌា ឈ្មោះ ' សាសា' ត្រូវបានជីដូនរបស់គាត់ដាក់ឲ្យគាត់​ ដែលមានអត្ថន័យថា ខ្ពង់ខ្ពស់ឬខ្ពង់ខ្ពស់ជាងនេះ។ ដោយសារតែភាពក្រីក្រនិងការមិនបានទទួលការអប់រំនោះធ្វើឲ្យគេមិនសូវដឹងពីជីវប្រវត្ដិរបស់លោកទាំងមូលសោះឡើយ ពោលគឺព័ត៌មានដែលគេប្រមូលបានគឺតិចតួចបំផុតពីលោក ជាពិសេសមិនដឹងថានៅក្នុងពេលឥលូវលោកមានអាយុប៉ុន្មាននោះឡើយ គ្រាន់តែគ្រប់គ្នាអាចប៉ាន់ស្មានថាលោកមានអាយុ៤០ឆ្នាំប៉ុណ្ណោះ។ 

កាលពីនៅក្មេងលោកវេជ្ជបណ្ឌិតសាសាគឺជាក្មេងប្រុសដំបូងគេនៅក្នុងភូមិដែលមានឱកាសបានចូលរៀននៅអនុវិទ្យាល័យមួយក្នុងទីក្រុងយ៉ាំងហ្គោន អតីតរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា នៅពេលនោះក្នុងការធ្វើដំណើរទៅសិក្សានៅក្នុងទីក្រុងយ៉ាំងហ្គោន គាត់ត្រូវដើររយៈពេល ២ សប្តាហ៍ក្នុងការធ្វើដំណើរពីភូមិទៅសាលារៀន។ 

ភាពឧស្សាហ៍ព្យាយាមរបស់គាត់ ក្នុងការដែលគាត់មើលឃើញពីការលំបាករបស់ប្រជាជននៅតាមជនបទដាច់ស្រយាលដែលបានស្លាប់ដោយសារជំងឺរាតត្បាតនិងការសម្រាលកូន ដែលជាហេតុធ្វើឲ្យគាត់សម្រេចចិត្ដជ្រើសរើសសិក្សានៅមុខវិជ្ជាផ្នែកវេជ្ជសាស្ដ្រថ្នាំ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅអនុវិទ្យាល័យក្នុងទីក្រុងយ៉ាំងហ្គោន វេជ្ជបណ្ឌិតសាសា ត្រូវបានគេលើកទឹកចិត្តនិងជួយជ្រោមជ្រែងឱ្យសិក្សានៅមហាវិទ្យាល័យ Shillong ក្នុងក្រុងមេហ្គាឡាយ៉ា ប្រទេសឥណ្ឌា ។ ក្នុងឆ្នាំ ១៩៩៦ ក្នុងនាមជាសកម្មជនសង្គមម្នាក់លោកត្រូវបានជ្រើសឲ្យទៅសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ 'យ៉េវ៉ាវ៉ារដ្ឋវេជ្ជសាស្ត្រ' នៅក្នុងប្រទេសអាមេនីដែលជាប្រទេសអាស៊ីកណ្តាល។

ក្នុងឆ្នាំ ២០០៧ ដែលជាឆ្នាំចុងក្រោយនៃនិស្សិតពេទ្យវេជ្ជបណ្ឌិត សាសា បាននាំចំណេះដឹងផ្នែកវេជ្ជសាស្រ្តរបស់គាត់មកថែទាំអ្នកជំងឺជាង ៣៥០០ នាក់នៅតាមទីក្រុងផ្សេងៗគ្នា រួមទាំងស្រុកកំណើតនៅភូមា ហើយនៅពេលដែលគាត់បានបញ្ចប់ការសិក្សាពីវេជ្ជបណ្ឌិត។​ នៅឆ្នាំ ២០០៩ លោកសាសា បានចាប់ផ្តើមបង្រៀនចំណេះដឹងអំពីសុខភាពសាធារណៈដល់ប្រជាជន ហើយបានបង្កើតអង្គការ 'សុខភាពនិងក្តីសង្ឃឹម' ដែលជាមណ្ឌលថែទាំបឋមដំបូងគេនៅរដ្ឋកាឈិន។ និងផ្តល់ចំណេះដឹងដល់អ្នកជំនាញវេជ្ជសាស្ត្ររាប់ពាន់នាក់ជាមួយព្រះអង្គម្ចាស់ឆាល ដែលជាព្រះរាជវង្សអង្គម្ចាស់នៃប្រទេសអង់គ្លេស។សកម្មជនសិទ្ធិមនុស្សអង់គ្លេសលោក Benedict Rogers បានលើកឡើងថាលោកវេជ្ជបណ្ឌិតសាសាថាជាមនុស្សដែលមានចក្ខុវិស័យពិតនៃសិទ្ធិស្មើគ្នា រួមទាំងសេរីភាពរបស់ប្រជាជនគ្រប់ជាតិសាសន៍និងសាសនា។

ក្នុងនាមជាវេជ្ជបណ្ឌិត លោកសាសាគឺជាគ្រូពេទ្យដែលធ្វើការនៅក្នុងសកម្មភាពគាំទ្រសង្គមផងដែរ ទាំងនៅថ្នាក់មូលដ្ឋាន ហើយធ្វើការសម្របសម្រួលជាមួយបរទេស នេះធ្វើឱ្យគាត់ក្លាយជាបេក្ខជនសម្រាប់ការតែងតាំងរដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រីអ៊ឺងសានស៊ូជី នៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសរបស់ CRPH ប្រចាំនៅអង្គការសហប្រជាជាតិ។

លោកវេជ្ជបណ្ឌិតសាសា បានលើកឡើងថា “ ខ្ញុំធ្លាប់បានឃើញការស ម្លា ប់មនុស្សយ៉ាងសាហាវ ដែលធ្វើឲ្យប្រជាជនរងទុក្ខវេទនាជាខ្លាំងពេញមួយជីវិតរបស់ពួកគេ ខ្ញុំបានឃើញស្ត្រីមានផ្ទៃពោះម្នាក់ស្លាប់នៅពេលសម្រាលកូន។ ខ្ញុំបានឃើញភាពក្រីក្រ អាសន្នរោគ ជីវិតរបស់អ្នកភូមិនៅឯស្រុកកំណើតក្បែរព្រំដែនរស់នៅក្នុងស្រមោលនិងរត់គេចពីពួកទាហាន នេះគឺជាការអនុវត្តធម្មតានៅក្នុងតំបន់ជនជាតិភាគតិច។ ហើយស្ត្រីក្នុងគ្រួសាររបស់គាត់ត្រូវបានទាហានចាប់រំលោភ។ នេះបើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិតសាសាបានប្រាប់ក្រុមអ្នកយកព័ត៌មានរ៉យទ័រពីទីតាំងដែលមិនបានបង្ហាញ។

នៅក្នុងអំឡុងរដ្ឋប្រហារយោធា លោកវេជ្ជបណ្ឌិតសាសា​បានប្រាប់សារព័ត៌មានរ៉ុទ័រថា ការអភិវឌ្ឍន៍នៅក្នុងប្រទេសត្រូវបានបំផ្លាញដោយរដ្ឋប្រហារដោយឧត្ដមសេនីយ៍ មីនអុងឡាំង ដែលបានដណ្ដើមអំណាចពីគណបក្សឈ្នះឆ្នោតរបស់អ្នកស្រីអ៊ុងសានស៊ូជី និងបំផ្លាញដួងចិត្ដប្រជាជនរាប់លាននាក់នៅក្នុងប្រទេស។ ក្នុងកំលុងពេលធ្វើការឲ្យគណបក្សសម្ព័ន្ធភាពដើម្បីប្រជាធិបតេយ្យនៅក្នុងទីក្រុងណៃពិដោ លោកបានរកមធ្យោបាយដើម្បីគេចខ្លួនពីការចាប់របស់ពួកយោធា ដោយបានក្លែងខ្លួនធ្វើជាអ្នករត់តាក់ស៊ី គេចចេញពីរដ្ឋធានី ពីព្រោះមិនចង់ឲ្យគេចាប់ឃុំលោកដូចកណ្ដុរនៅក្នុងទ្រុងនោះឡើយ។ 

ចាប់តាំងពីពេលនោះមកលោកវេជ្ជបណ្ឌិតសាសា បានក្លាយខ្លួនជាមេដឹកនាំឈានមុខជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងការប្រឆាំងនឹងរបបយោធាក្នុងការទាមទារលិទ្ធប្រជាធិបតេយ្យជូនប្រជាជននិងប្រទេសរបស់ខ្លួនវិញ។

ក្នុងនាមជាមេដឹកនាំសំខាន់ម្នាក់នៃការប្រឆាំងនឹងរដ្ឋប្រហារបណ្ឌិតសាសា កំពុងត្រូវបានក្រុមយោធាតាមរកធ្វើការចាប់ខ្លួនដោយចោទប្រកាន់លោកពីបទក្បត់ជាតិ ដែលមានការផ្តន្ទាទោសអតិបរមានៃការ ប្រ ហា រ ជី វិ ត។

គួរបញ្ជាក់ដែរថាលោកវេជ្ជបណ្ឌិតហ្សាហ្សាត្រូវបានតែងតាំងឱ្យទៅប្រេសិតពិសេសនៃគណៈកម្មាធិការដែលតំណាងឱ្យសភា CRPHទៅកាន់អង្គការសហប្រជាជាតិ  ដែលគឺជាសមាជិកចុងក្រោយនៃសភាមីយ៉ាន់ម៉ា។ 

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ Thairath