បរទេស៖ មិនថាយើងចូលចិត្តឬមិនចូលចិត្ត ព្រមឬមិនព្រមនោះទេ ដំណាក់នៃជីវិតរបស់បុគ្គលម្នាក់ៗតែងតែមានការប្រែប្រួលជានិច្ច ជាពិសេសគឺរូបរាងកាយរបស់មនុស្សយើងតែម្ដងគឺមិនស្ថិតស្ថេរនៅក្មេងជារៀងរហូតនោះឡើយ។ ជាពិសេសការរកទទួលទានក្នុងការចិញ្ចឹមជីវិតជាប្រចាំថ្ងៃ ដោយកាលពីវ័យពេញកម្លាំងបុគ្គលម្នាក់ៗតែងតែប្រឹងប្រែងប្រកបរបរនានាតាមលទ្ធផលដែលខ្លួនអាចធ្វើទៅបាន មិនថាការងារនោះតូចក្ដី ឬធំក្ដីនោះឡើយ លុះឈានចូលដល់វ័យចាស់ជរា កម្លាំងកាន់តែទ្រុឌទ្រោមទៅៗ។
មនុស្សចាស់ជរាខ្លះគាត់នៅសល់ទ្រពដែលគាត់ខំរកពីក្មេងនៅសល់ក៏មានសម្រាប់ខ្លួនពេលចាស់ទៅ មនុស្សចាស់ជរាខ្លះក៏ត្រូវកូនចៅទុកចោលមិនរវីរវល់អើពើក៏មាន ដើរទៅសុំទានគេជាដើមក៏មាននោះដែរ។ បើទោះបីជាជីវិតរបស់ខ្លួនកាន់តែចាស់ទ្រុឌទ្រោមក៏ដោយក៏មិនមែនជាបញ្ហារបស់លោកយាយ Ammakannu នោះឡើយ។
បើយោងតាមគណនីហ្វេសប៊ុករបស់ចុងភៅម្នាក់ឈ្មោះ នាងបានចាប់អារម្មណ៍ពីមេចុងភៅឈ្មោះ Ricky Narayanan បានលើកឡើងថា បើទោះបីស្ថិតនៅក្នុងវ័យអាយុ ៨៤ ឆ្នាំ ក៏ដោយ លោកយាយ Ammakannu នៅតែអាចទៅធ្វើការក្រៅម៉ោងបាន ក្នុងការស៊ីឈ្នួលបកខ្ទឹមបារាំងឲ្យគេបានផងដែរ ។ មុនកូវីដ១៩ ជារៀងរាល់ថ្ងៃគាត់ត្រូវធ្វើដំណើរចម្ងាយប្រហែល ២ ទៅ ៣ គីឡូម៉ែត្ររាល់ថ្ងៃដើម្បីលក់ផលដំណាំនានារបស់នាងនៅឯផ្សារ។ ប៉ុន្តែក្រោយពេលវិបត្ដិកូវីដគាត់មិនអាចត្រូវធ្វើដំណើរទៅផ្សារដូចមុននោះឡើយ បើទោះបីជាមិនអាចទៅលក់នៅផ្សារដូចមុនក៏ដោយ ក៏គាត់នៅតែទៅស៊ីឈ្នួលបកខ្ទឹមក្រៅម៉ោងឲ្យតូបលក់ឥវ៉ាន់មួយកន្លែងរបស់ចុងភៅម្នាក់ឈ្មោះ Ricky។
លោកយាយ Ammakannu បានប្រាប់សារព័ត៌មានWOB ថា លោកយាយធ្វើការជាអ្នកបកខ្ទឹមឲ្យគេនេះតាំងពីពេលមានការឆ្លងរីករាលដាលខ្លាំងក្នុងប្រទេស។ ការងារបកខ្ទឹមនេះលោកយាយត្រូវទៅធ្វើការតាំងពីម៉ោង២ថ្ងៃត្រង់ រហូតដល់ម៉ោង៤:៣០ល្ងាច ដោយត្រូវដើរត្រលប់មកផ្ទះវិញ។ លោកយាយរូបនោះក៏បានបន្ថែមថា បើទោះបីជាខ្ញុំមានវ័យចាស់ពិតមែន ខ្ញុំមិនទៅសុំទានគេនោះឡើយ ពីព្រោះលោកយាយក៏ចង់ទទួលបាននូវជីវិតឯករាជ្យមួយដូចគេដូចឯង ក្នុងការមានហូបចុកគ្រប់គ្រាន់ ដោយមិនទៅពឹងពាក់កូនចៅនោះឡើយ៕
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ WOB