ភ្នំពេញ៖ បុរសម្នាក់សង្ស័យតែសតិមិនសូវល្អខណៈពេលប៉ូលិសចរាចរណ៍កំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកជិះម៉ូតូបញ្រ្ចាសទិសថែមទាំងស្រែកឡូឡារករឿងចង់វាយសមត្ថកិច្ចនិងគំរាមដកស័ក្កចោលទៀត។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែងនិងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅចំណុចកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក
នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យដូចសព្វរាល់ដងតាមការណែនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ខណ:ពេលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍ស្រាប់តែបុរសខាងលើជិះម៉ូតូស្មាស់រីវ៉ូពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1-BG 5792ធ្វើដំណើរទិសដៅពីកើតទៅលិចបំរុងនិងបត់ឆ្វេងពេលឃើញកម្លាំងសមត្ថកិច្ចស្រាប់តែបុរសជើងខ្លាំងខាងលើបានបត់ត្រលប់ក្រោយនិងជិះបញ្រ្ចាសទិសបណ្តាលអោយដួលម៉ូតូតែមិនបណ្តាលឲ្យរងរបួសនោះទេ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំស្រាប់តែបុរសជើងខ្លាំងខាងលើស្ទុះដេញដាល់សមត្ថកិច្ចនិងគម្រាមដកស័ក្កចោលទៀតផង។
បច្ចុប្បន្នបុរសជើងខ្លាំងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕