ជ្រុងមួយនៃសង្គម រូបថតរបស់ប្រជាពលរដ្ឋក្មេងចាស់ នាំគ្នាអង្គុយ អានសៀវភៅ យ៉ាងជក់ចិត្ត នៅតាមសួន សាធារណៈ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
ស៊ីហៀង
-

ជាការពិតណាស់ សៀវភៅ គឺជាផ្នែកសំខាន់មួយនៃជីវិតរបស់យើង វាត្រូវបានគេនិយាយយ៉ាងល្អថា សៀវភៅអាចជាដៃគូដ៏ល្អបំផុត និងពិតប្រាកដរបស់យើង សៀវភៅធ្វើឱ្យជីវិតរស់នៅរបស់យើងមានភាពកាន់តែប្រសើរ និងងាយស្រួល។ 

សៀវភៅផ្តល់សារៈសំខាន់ជាច្រើនដល់យើង ដែលយើងមិនអាចនឹកស្មានដល់ សៀវភៅអាចធ្វើឱ្យអ្នកអាន ហាក់ដូចជាបានធ្វើដំណើរទៅដល់ទីកន្លែងផ្ទាល់ ដោយមិនចាំបាច់ការធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីកន្លែងជាក់ស្តែង។ សៀវភៅអាចផ្តល់នូវមធ្យោបាយឆ្ពោះទៅកាន់ក្តីស្រមើស្រមៃរបស់យើងបាន សៀវភៅអាចផ្តល់ឱ្យយើងនូវចំណេះដឹង ការត្រេកអរ សុភមង្គល ប្រាជ្ញា និងអ្វីៗជាច្រើនទៀតនៅក្នុងនោះ សៀវភៅផ្តល់អត្ថប្រយោជន៍ច្រើនជាងការដែលគ្រាន់តែធ្វើឱ្យយើងសប្បាយរីករាយ វាក៏អាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរជីវិតរស់នៅរបស់យើងផងដែរ។ 

ដោយសារតែសៀវភៅដើរតួនាទីយ៉ាងសំខាន់ និងមានសារៈសំខាន់នៅក្នុងការអភិវឌ្ឍរបស់កុមារ ប្រសិនបើយើងបង្កើតទម្លាប់ឱ្យកុមារអានសៀវភៅជាប្រចាំ គឺអាចជួយឱ្យពួកគេមានការអភិវឌ្ឍ មានភាពរីកចម្រើន និងប្រសើរឡើងស្ទើរតែគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ពួកគេ បើប្រៀបធៀបជាមួយនឹងកុមារដែលមិនចូលចិត្តអានសៀវភៅ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះ គេបានឃើញ ហ្វេសប៊ុកផេក ឈ្មោះ ផ្ទះអំណាន គន្ធី បានបង្កើតឲ្យមានការអានសៀវភៅ នៅតាមទីសាធារណៈ ហើយគំនិតមួយនេះពិតជាល្អ ខ្លាំំងណាស់ ព្រោះអាចឲ្យក្មេងៗនិង យុវជនជាច្រើន ងាកមកចាប់អារម្មណ៍លើការអាន ហើយសម្រាប់អ្នកដែលមិនមានលទ្ធភាពទិញសៀវអាន ក៏អាចអានបានដែរ ព្រោះមិនត្រូវបានគិតប្រាក់នោះទេ ។ 

ហើយប្រសិនបើមានទិដ្ឋភាព អង្គុយអាន សៀវភៅ  បែបនេះនៅតាមសួនសាធារណៈគ្រប់ទីកន្លែង នៅ នៅទូទាំងរាជធានី និងខេត្តគឺពិតជាល្អ ប្រសើរ ខ្លាំងណាស់ ៕