យុទ្ធនាការ « ការពារខ្លួនអ្នក » នៅក្នុងការផ្សព្វផ្សាយពីជំងឺអេដស៍ និងកាមរោគនៅក្នុងប្រទេសកម្ពុជា
សីហា
-

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួង សុខាភិបាល ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការ គាំទ្រពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានកិច្ចសហការនិងគាំទ្រពី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញក្រុមប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ និងបណ្តាញយុវជនកាកបាទក្រហមកម្ពុជាដែលចូលរួមផ្សព្វផ្សាយលើការបង្ការជំងឺអេដស៍ និងគាំទ្រអ្នកផ្ទុកមេរោគអេដស៍និងក្រុមគ្រួសារ នៅទូទាំងប្រទេសកម្ពុជា ។ 

 ជាលទ្ធផលយោងតាមឯកសារទទួលបានពីមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កម្ពុជាបានសម្រេចទិសដៅ ៩០ បីដង នៅឆ្នាំ ២០១៧ (បីឆ្នាំមុនកាលកំណត់) បច្ចុប្បន្ននេះ យើងក៏បានដាក់ចេញនូវទិសដៅ ៩៥ បីដង នៅឆ្នាំ ២០២៥។ យោងតាមការប៉ាន់ស្មានដោយអង្គការ UNAIDS ឆ្នាំ ២០២១ បានឱ្យដឹងថា អត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យមាន ០,៦% ករណីឆ្លងថ្មី នៃ មេរោគអេដស៍មាន ១.១០០ នាក់ និងករណីស្លាប់ដោយសារជំងឺអេដស៍ ក៏មាន ១.១០០ នាក់ ដែរ។ 

ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ករណីឆ្លងថ្មី នៃមេរោគអេដស៍នៅទ្រឹង ហើយក្នុងចំណោមករណីឆ្លងថ្មី ១.១០០ នាក់នោះគឺ ៧៧% កើតឡើងនៅក្នុងចំណោមក្រុមប្រជាជនចំណុច និង ដៃគូរួមភេទរបស់គាត់។ យើងក៏អាចនិយាយបានថា វាអាចបណ្តាលមកពីផលប៉ះពាល់ នៃជំងឺរាតត្បាតជាសកល គឺជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមានដល់ការផ្តល់សេវាបង្ការ សេវាធ្វើតេស្តរកមេរោគ អេដស៍ និងការព្យាបាល។ គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំ ព្យាបាល នៅតាមសេវាព្យាបាលជំងឺអេដស៍ ៧១ កន្លែងទូទាំងប្រទេស មានចំនួន ៦៤.១៨៤ នាក់ ធៀបនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបមាន ៧៤.០០០ នាក់ យោងតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍ ឆ្នាំ ២០២១។

ខ្ញុំក៏សូមទាញនូវការចាប់អារម្មណ៍ផងដែរ លើអត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកម្រិតខ្ពស់ គឺក្នុងចំណោមស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ៤,៩% (IBBS-២០២២) និងប្រេវ៉ាឡង់នៃមេរោគស្វាយ ១៨,៩% បុរសរួមភេទជាមួយបុរស ៤,០% (IBBS-២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (IBBS-២០១៩) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (IBBS-២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (IBBS-២០១៧) ។

ដើម្បីជម្រុញការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោមក្រុមប្រឈមមុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូអភិវឌ្ឍន៍បានរៀបចំដាក់ចេញនូវនវានុវត្តន៍ លើបទអន្តរាគមន៍ជាច្រើន ជាពិសេស ១)-ការអប់រំផ្សព្វផ្សាយទាំង ដោយជួបផ្ទាល់ និងតាមរយ: អនឡាញក្នុងគោលបំណងផ្តល់ព័ត៌មានទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ដើម្បីឱ្យពួកគាត់មានការ ផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ទៅប្រកាន់យកនូវការប្រព្រឹត្តប្រកបដោយសុវត្ថិភាព និងទទួលបានសេវានានា ដែលទាក់ទងនឹងជំងឺអេដស៍ និងកាមរោគឱ្យបានត្រឹមត្រូវ និងទាន់ពេល។

ជាពិសេសក្នុងឱកាលនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សូមបើកសម្ភោធយុទ្ធនាការថ្មីមួយទៀត ដើម្បីចាក់ផ្សាយវីដេអូចំនួន ១០ រឿង (ត្រូវជា ១៥ ឃ្លីប) ថ្មីទៀត ព្រមទាំង សម្ភារអប់រំ ដ៏សម្បូរបែប ។ វីដេអូរឿងទាំងនេះ នឹងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណី និងទំនាក់ទំនងស្នេហា តាមបរិបទថ្មីរវាងក្រុមយុវវ័យ ក្រុមប្រជាជនគោលដៅ និងប្រជាជនទូទៅ ក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំស្តីពី ការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ នៅព្រះរាជា-ណាចក្រកម្ពុជា ។

ខ្ញុំជឿជាក់ថា នឹងមានអ្នកចូលទស្សនាវីដេអូរឿងទាំងនេះជាច្រើន តាមរយ:បណ្តាញទំនាក់-ទំនងសង្គមទាំងបី គឺ Facebook YouTube និង Instagram ដែលមានឈ្មោះថា “ ការពារខ្លួនអ្នក ” ហើយសង្ឃឹមថា តាមរយ:ការទស្សនាខ្សែវីដេអូរឿងទាំងនេះ អ្នកទស្សនាទាំងអស់ ជាពិសេសក្រុមប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ នឹងទទួលបានព័ត៌មានជាក់លាក់ស្តីពី ការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ឈានដល់ការផ្លាស់ប្តូរការប្រព្រឹត្តដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ទៅជាការប្រកាន់ខ្ជាប់នូវវិធានការបង្ការ ដូចជា ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់ រាល់ពេលរួមភេទ ការលេបថ្នាំប្រឹព(PreP) ការធ្វើតេស្តរកមេរោគអេដស៍ ការស្វែងរកសេវាព្យាបាលជំងឺកាមរោគ និងព្យាបាលជំងឺឱ្យបានឆាប់បំផុតនៅតាមសេវាដែលផ្តល់ជូនដោយក្រសួងសុខាភិបាល និងអង្គការដៃគូអភិ- វឌ្ឍន៍ នៅទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយការឆ្លងរាលដាលនៃមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នៅ ឆ្នាំ ២០២៥ ។