មកមើលពេជ្រ ពណ៌ផ្កាឈូកដែលនឹងត្រូវដាក់ដេញថ្លៃក្នុងពេល ២ខែទៀត ដោយតម្លៃរហូតដល់ទៅ...
Sophea
-

ម្ចាស់កម្មវីធី នៃការរៀបចំដេញថ្លៃត្បូងមួយ ដែលមានឈ្មោះថា  Sotheby's បានប្រកាសកាលពីថ្ងៃពុធថា ពេជ្រពណ៌ផ្កាឈូកដែលមាន "ពណ៌ និងពន្លឺដែលមិនអាចប្រៀបផ្ទឹមបាន" ត្រូវបានគេរំពឹងថានឹងប្រកាសដាក់ឱ្យមានការដេញថ្លៃមួយនៅក្នុងទីក្រុងញូយ៉ក ក្នុងតម្លៃរហូតដល់ទៅជាង 35 លានដុល្លារ

ពេជ្រពណ៌ផ្កាឈូក មានទម្ងន់ 10.57 ការ៉ាត់ និងដាក់ឈ្មោះថា The Eternal Pink ដែលជាត្បូង "កម្របំផុត" ដែលបានជីកបានដោយក្រុមហ៊ុនអាហ្វ្រិកខាងត្បូងដែលមានឈ្មោះថា  De Beers  បានធ្វើការជីកបាននៅអណ្ដូងរ៉ែ ក្នុងប្រទេសបូស្វាណា កាលពីបួនឆ្នាំមុន ។

តម្លៃ​ពេជ្រ​ត្រូវ​បាន​កំណត់​យ៉ាង​ច្រើន​ដោយ​អ្នក​ជំនាញ​ខាង​ត្បូង​ នូវ Cs ស៊ី ៤ ដោយសម្ដៅលើ   ការ៉ាត់ ការ​កាត់ ពណ៌ និង​ភាព​ច្បាស់(carat, cut, color និង clarity )។ សម្រាប់ការចាត់ថ្នាក់ចុងក្រោយ ថ្មត្រូវបានចាត់ថ្នាក់ថា "ជាត្បូងដែលមានភាពល្អឥតខ្ចោះ ។ ទន្ទឹមនឹងនោះ ពណ៌របស់វាត្រូវបានគេកំណត់ថាមាន "ភាពរស់រវើក" ដែលជាពណ៌មានភាពភ្លឺខ្លាំងបំផុតដែលសម្រេចបានដោយពេជ្រពណ៌ផ្កាឈូកត្រឹមតែ 4% ប៉ុណ្ណោះ។

ពេជ្រពណ៌ផ្កាឈូកមានតម្លៃកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះគឺដោយសារតែការធ្លាក់ចុះនៃការផ្គត់ផ្គង់ដែលបណ្តាលមកពីការបិទឆ្នាំ 2020 នៃអណ្តូងរ៉ែ Argyle របស់ប្រទេសអូស្ត្រាលី ដែលពីមុនបានផលិតពេជ្រពណ៌ផ្កាឈូកភាគច្រើនរបស់ពិភពលោក។ យោងតាមសន្ទស្សន៍ដែលចងក្រងដោយឈ្មួញកណ្តាល Australian Diamond Portfolio តម្លៃជាមធ្យមនៃថ្មពណ៌បានកើនឡើង 30% ក្នុងរយៈពេលត្រឹមតែ 12 ខែមុនខែមិថុនា ឆ្នាំ 2021។

Eternal Pink ត្រូវបានកាត់ចេញពីគ្រាប់ពេជ្រដ៏រដុប ដែលត្រូវបានរកឃើញក្នុងឆ្នាំ 2019 ដែលមានទម្ងន់ 23.87 ការ៉ាត់ ច្រើនជាងពីរដងនៃទំហំរបស់វាឥឡូវនេះ។ ក្រុមហ៊ុនពេជ្រ Diacore បានចំណាយពេលប្រាំមួយខែ ដើម្បីប្រែក្លាយទម្រង់រូបរាងចាស់នៃការជីកបានពីដំបូង ដោយកែច្នៃពេជ្រពណ៌ផ្កាឈូកនោះមកជាទម្រង់បច្ចុប្បន្នដែលគេបានឃើញ។

ដោយឡែកពេជ្រមួយគ្រាប់នេះ នឹងត្រូវដាក់បង្ហាញនៅហុងកុងនៅថ្ងៃសៅរ៍។ បន្ទាប់មកវានឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងឌូបៃ ប្រទេសសិង្ហបុរី និងទីក្រុងហ្សឺណែវ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កសម្រាប់ការដេញថ្លៃលក់នៅខែមិថុនា។


ប្រភព៖ CNN