ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌ៧មករា បានចុះទៅត្រួតពិនិត្យទីតាំងផ្សារទំនើបអូឡាំព្យា ខណៈដែលកុមារាម្នាក់ស្លាប់ ដោយសារករណី “ឆក់ខ្សែភ្លើង ” នៅមុខច្រកចូលផ្សារ សង្ស័យការធ្វេសប្រហែសនៃការរៀបប្រព័ន្ធខ្សែភ្លើងមិនល្អ ទើបបណ្ដាលឱ្យឆក់កុមារងគ្រោះ។
តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌ៧មករា បានប្រាប់អង្គភាពការសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែឧសភា ឆ្នាំ២០២៣នេះថា៖ បច្ចុប្បន្ននៅព្រឹកនេះ កម្លាំងជំនាញខណ្ឌ បានសហការជាមួយកម្លាំងនគរបាលផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ បានចុះស្រាវជ្រាវនិងត្រួតពិនិត្យមើលនៅកន្លែងកើតហេតុ ដេីម្បីបញ្ជាក់ពីមូលហេតុថាបណ្ដាលមកពីអ្វីឱ្យច្បាស់។
ចំពោះករណីខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង ១៩ និង០៨ នាទីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅមុខច្រកចូលផ្សារអូឡាំព្យា ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សូមជម្រាបថា ពេលកេីតហេតុភ្លាមៗ កម្លាំងនគរបាលបានចុះអន្តរាគមន៍ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលកុមារារងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហេីយ។
បច្ចុប្បន្នប្រជាពលរដ្ឋកំពុងរង់ចាំមើលថា ករណីសមត្ថកិច្ចជំនាញ អាចនឹងហៅ ឫក៏ឃាត់ខ្លួនម្ចាស់ទីតាំងដែលឬទេ ខណៈក្រុមគ្រួសារជនរងគ្រោះ កំពុងបាត់បង់កូនជាទីស្រឡាញ់របស់ពួកគាត់៕