លោក ព្រាប កុល និយាយថា “ជាលើកដំបូងនៃឆាកជីវិតរបស់ខ្ញុំដែលបានចូលរួមហែបក្សក្នុងយុទ្ធនាការឃោសនាបោះឆ្នោត”
សីហា
-

ភ្នំពេញ៖ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនានេះមានគណបក្សមួយចំនួនបានរៀបចំក្បួនដង្ហែរតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត និងបក្សខ្លះរៀបចំឃោសនានៅហ្នឹងកន្លែងតាមបក្សរៀងខ្លួនៗ។

ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានរៀបចំក្បួនដង្ហែរបិទយុទ្ធនាការឃោសនារបស់បក្ស ដោយមានអ្នកចូលរួមសរុបប្រមាណ ៦ម៉ឺននាក់ ក្នុងចំនួននេះមានសមាជិកបក្សចាំទទួលស្វាគមន៍តាមដងផ្លូវប្រមាណ ៤ម៉ឺននាក់។ ក្បូនដង្ហែររបស់បក្សកាន់អំណាចប្រើចម្ងាយផ្លូវប្រមាណ១០គីឡូម៉ែត្រ ជាមួយនឹងការប្រគំតន្ត្រីចំនួន១០ទីតាំង ដោយចាប់ផ្តើមចេញដំណើរពីមជ្ឈមណ្ឌលកោះពេជ្រ និងវិលត្រឡប់មកបិទបញ្ចប់នៅតំបន់បឹងកក់រាជធានីភ្នំពេញវិញ។

 

ទន្ទឹមនឹងនេះដែរ លោកក៏ឆ្លៀតសរសេររៀបរាប់ដូចខាងក្រោមនេះ “ថ្ងៃនេះជាលើកដំបូងនៃឆាកជីវិតរបស់ខ្ញុំដែលបានចូលរួមហែបក្សក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ពីព្រោះពីមុនខ្ញុំពុំដែលធ្លាប់ជាសមាជិកគណបក្សនយោបាយណាមួយឡើយ។

ខ្ញុំជ្រើសយកគណបក្សប្រជាជនកម្ពុជាព្រោះជាបក្សដែលមានវិន័យ មានគោលនយោបាយច្បាស់លាស់ និងមានយន្តការជាក់លាក់សម្រាប់ការអភិវឌ្ឍន៍ជាតិពិតប្រាកដ។

ខ្ញុំសង្ឃឹមជឿជាក់ថា ខ្ញុំនឹងអាចចូលរួមចំណែកយ៉ាងពេញលេញក្នុងកិច្ចខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ជាតិ មាតុភូមិ បន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋយើងនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅយើងជំនាន់ក្រោយ។

សូមបងប្អូនជនរួមជាតិ និងជាពិសេសប្អូនៗយុវជន អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ”៕