(ក្រុងឡុងដ៍)៖ ក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំទីពីរក្នុងពិភពលោក H&M បានសម្រេចចិត្តបញ្ឈប់ការបញ្ជាទិញសន្សឹមៗពីប្រទេសមីយ៉ាន់ម៉ា ខណៈមានការកើនឡើងការរាយការណ៍អំពីការរំលោភបំពានកម្មករក្នុងរោងចក្រកាត់ដេរក្នុងប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន H&M បានក្លាយក្រុមហ៊ុនលំដាប់ពិភពលោកចុងក្រោយដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីម្ចាស់ក្រុមហ៊ុន Inditex ដែលជាម្ចាស់សម្លៀកបំពាក់ម៉ាក Zara ក្រុមហ៊ុន Primark ក្រុមហ៊ុន Marks & Spencer និងក្រុមហ៊ុនផ្សេងទៀតបានបញ្ឈប់បញ្ជាទិញពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកជំនាញមួយចំនួនបាននិយាយថា និន្នាការនេះនៅទីបំផុតអាចធ្វើឱ្យកម្មករក្នុងប្រទេសនេះជួបស្ថានភាពកាន់តែអាក្រក់។
ក្រុមហ៊ុន H&M បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមរយៈអ៊ីមែលមួយថា៖ «បន្ទាប់ពីបានពិចារណាយ៉ាងយកចិត្តទុកដាក់ ឥឡូវនេះយើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់យើងក្នុងប្រទេសមីយ៉ាន់ម៉ាសន្សឹមៗ»។
ក្រុមហ៊ុននេះបានបន្តថា៖ «យើងបាននិងកំពុងតាមដានការអភិវឌ្ឍចុងក្រោយបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងដិតដល់ ហើយយើងឃើញមានការកើនឡើងនូវបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់យើងស្របតាមស្តង់ដារ និងតម្រូវការរបស់យើង»។
លោក Vicky Bowman នាយកមជ្ឈមណ្ឌលមីយ៉ាន់ម៉ាសម្រាប់ធុរកិច្ចប្រកបដោយទំនួលខុសត្រូវ និងជាអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ាបានថ្លែងថា៖ «ខ្ញុំសោកស្តាយចំពោះសេចក្តីប្រកាសរបស់ក្រុមហ៊ុន H&M ព្រោះវានឹងជះឥទ្ធិពលអវិជ្ជមានដល់កម្មករស្ត្រីរាប់ពាន់នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕