ដ្រូនអ៊ុយក្រែន ចូលកម្ទេច យន្តហោះទម្លាក់គ្រាប់បែកតម្លៃ២៧០លានដុល្លាររបស់រុស្ស៊ី ដល់ក្នុងបន្ទាយ
Sokli
-

យោងតាមរបាយការណ៍នៅថ្ងៃអង្គារទី ២២ ខែសីហា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីមួយគ្រឿងត្រូវបានកម្ទេច នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។

រូបភាពដែលគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិ ងវិភាគដោយ BBC Verify បានបង្ហាញឲ្យឃើញយន្តហោះ Tupolev Tu-22 កំពុងឆេះនៅមូលដ្ឋានទ័ពអាកាស Soltsy-2 ភាគខាងត្បូងទីក្រុង St Petersburg។

ស្របពេលជាមួយគ្នានោះ ទីក្រុងមូស្គូនិយាយថា ដ្រូនអ៊ុយក្រែន ក៏ត្រូវវាយប្រហារដោយអាវុធធុនតូចផងដែរ ប៉ុន្តែវានៅតែអាចមកបំផ្លាញយន្តហោះនេះបាន។

Tu-22 តម្លៃ២៧០លានដុល្លារ អាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងពីរដង ហើយត្រូវបានរុស្ស៊ីប្រើ ដើម្បីវាយប្រហារទីក្រុងនានាក្នុងប្រទេសអ៊ុយក្រែន។

ដោយឡែកកាលពីថ្ងៃចន្ទ អ្នកនាំពាក្យនៃទីភ្នាក់ងារចារកម្មការពារជាតិអ៊ុយក្រែន បាននិយាយថា យន្តហោះយោធាមួយផ្សេងទៀត ក៏ត្រូវកម្ទេចផងដែរក្នុងការវាយប្រហារដោយដ្រូន នៅតំបន់ Kaluga នៃប្រទេសរុស្ស៊ី ខណៈប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក៏រាយការណ៍ពីការវាយប្រហារនេះផងដែរ ប៉ុន្តែបដិសេធ មិនបង្ហាញទំហំនៃការខូចខាតឡើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងកៀវ បានបាញ់បង្ហោះដ្រូនជាច្រើនគ្រឿង ដើម្បីវាយប្រហារទីក្រុងមូស្គូ ខណៈបន្ទាយ Soltsy-2 មានចម្ងាយប្រហែល៦៥០គីឡូម៉ែត្រ ពីព្រំដែនអ៊ុយក្រែន ៕