ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃអង្គារទី ២២ខែសីហា ថា រុស្ស៊ីបានទម្លាក់អាល្លឺម៉ង់ ក្លាយខ្លួនទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំ របស់ពិភពលោកនៅឆ្នាំ២០២២ ដោយផ្អែកលើយុគភាពនៃអំណាចទិញ (PPP) បើទោះបីជាមានការដាក់ទណ្ឌកម្ម និងការព្យាករណ៍ពីការដួលរលំដោយបស្ចិមប្រទេសក៏ដោយ។
យោងតាមការប៉ាន់ប្រមាណដោយផ្អែកលើទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ី មានចំនួន ៥.៥១ទ្រីលានដុល្លារក្នុងលក្ខខណ្ឌ PPP នៅចុងឆ្នាំមុន។ របាយការណ៍បានកត់សម្គាល់ថា តួលេខនេះគឺធំជាងការប៉ាន់ស្មានផ្លូវការរហូតដល់ទៅ ៣៨%ឯណោះ ពោលគឺប៉ាន់ស្មានត្រឹម ៣.៩៩៣ ទ្រីលានដុល្លារប៉ុណ្ណោះ។
ថ្លែងនៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍យុទ្ធសាស្ត្រ និងគម្រោងជាតិ លោក ពូទីន បានកត់សម្គាល់ថា រឿងនេះកើតឡើង បើទោះបីជាមានការព្យាករណ៍ទុទិដ្ឋិនិយម ពីសំណាក់អ្នកជំនាញមួយចំនួន ជាពិសេសអ្នកជំនាញបស្ចិមប្រទេសក៏ដោយ។ លោកបញ្ជាក់ថា ការវាយតម្លៃដែលបង្ហាញថា រុស្ស៊ីបានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ ក្នុងលក្ខខណ្ឌនៃ PPP គឺច្បាស់ណាស់។
ថ្មីៗនេះ ទាំង IMF និងធនាគារពិភពលោក សុទ្ធតែបានបង្កើនការព្យាករណ៍របស់ពួកគេ សម្រាប់សេដ្ឋកិច្ចរុស្ស៊ីដោយនិយាយថា ថ្វីបើមានទណ្ឌកម្មក៏ដោយ GDP រុស្ស៊ីនឹងបន្តកើនឡើង ព្រោះតែពាណិជ្ជកម្មរឹងមាំ និងផលិតកម្មឧស្សាហកម្ម ក៏ដូចជាប្រាក់ចំណូលថាមពលខ្ពស់ជាងការរំពឹងទុកផងដែរ។
លើសពីនេះ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បានព្យាករថា នៅឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចរុស្ស៊ី ក៏នឹងវ៉ាដាច់បណ្តាប្រទេសអភិវឌ្ឍទៀតផងដែរ ៕