ប្រទេសឥណ្ឌា៖ ឥណ្ឌា បានបង្កើតប្រវត្តិសាស្ត្រថ្មីជាប្រទេសដំបូងគេ ដែលមានយានអាចចុះចតនៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ។ ព្រឹត្តិការណ៍នេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយាន Luna-25 របស់រុស្ស៊ី ក្នុងបេសកកម្មស្រដៀងគ្នានេះទទួលបរាជ័យ។
ភ្លាមៗនៅពេលដែលយាន Chandrayaan-3 ចុះចតនៅប៉ូលខាងត្បូងនៃឋានព្រះចន្ទ ទូរទស្សន៍ឥណ្ឌា NDTV បានរាយការណ៍ពីអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ដែលបានប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម X នៅម៉ោង ៦និង៤នាទីយប់ថ្ងៃទី ២៣ ខែសីហា (ម៉ោងនៅទីក្រុងញូវដេលី)ថា ៖ «បេសកកម្ម Chandrayaan-3 ឥណ្ឌា ខ្ញុំបានទៅដល់គោលដៅហើយ អ្នកក៏ដូចគ្នាដែរ! Chandrayaan-3 បានចុះចតដោយជោគជ័យ នៅលើឋានព្រះចន្ទ អបអរសាទរឥណ្ឌា! »។
លោកស្រី Carla Filotico នាយកប្រតិបត្តិនៅ Spacetec Partners បានចែករំលែកថា វាមានសារសំខាន់ណាស់ ក្នុងការទទួលស្គាល់ដោយពិភពលោក។ ឥណ្ឌា នឹងស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត ដែលអាចដើរលើឋានព្រះចន្ទ។ បច្ចុប្បន្ននេះ មានតែអាម៉េរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលអាចធ្វើដូច្នេះបាន ឥណ្ឌាក្លាយជាប្រទេសទីបួន ដែលបានចុះចតនៅ លើឋានព្រះចន្ទ ប៉ុន្តែជាប្រទេសដំបូងគេ ដែលបានដើរលើប៉ូលខាងត្បូង។ នេះជាមោទភាពជាតិ ក៏ដូចជាការបំផុសគំនិតសម្រាប់មនុស្សជំនាន់ក្រោយ។
នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ដែលជាប់ភារៈកិច្ច នៅអាហ្វ្រិកខាងត្បូង សម្រាប់កិច្ចប្រជុំកំពូល BRICS បានអបអរសាទរក្រុម ISRO ។ លោកថ្លែងថា៖ «យើងកំពុងមើលឃើញដំណាក់កាលថ្មីរបស់ប្រទេសឥណ្ឌាថ្មីមួយ ប្រវត្តិសាស្ត្រថ្មីត្រូវបានកត់ត្រាឡើង »។
យានអវកាស Chandrayaan-3 របស់ឥណ្ឌា ត្រូវបានបង្កើតឡើងជាមួយនឹងការវិនិយោគប្រហែល៧៥លានដុល្លារ ដែលជាតួលេខតិចតួចបើប្រៀបធៀប ទៅនឹងមហាអំណាចអវកាសដទៃទៀត។
យាន Chandrayaan-3 បានដឹកយានចុះចតមួយឈ្មោះថា Vikram និងកូនយានរ៉ូបូតចល័តមួយទៀតឈ្មោះថា Pragyan។ តាមផែនការ យានទាំងនេះនឹងនៅបន្តសកម្មលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ រយៈពេលពីរសប្តាហ៍ ដោយពិសោធន៍ ពិនិត្យមើលសណ្ឋានដី រួមទាំងការវិភាគសមាសធាតុរ៉ែលើផ្ទៃនៃតំបន់នោះ៕