ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលិនស្គី បានផ្ញើសារអបអរសាទរ និងអញ្ជើញឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន នាពេលខាងមុខ។
ខ្លឹមសារនៅក្នុងលិខិតផ្ញើសារអបសាទរជូនឯកឧត្ដម ហ៊ុន ម៉ាណែត លោក ហ្សេលិនស្គី បានអរគុណដល់កម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងជំហររបស់កម្ពុជាពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។ លើសពីនេះ ប្រធានាធិបតីអ៊ុយក្រែន ក៏បានអរគុណដល់ជំនួយមនុស្សធម៌កម្ពុជាក្នុងការបណ្ដុះបណ្ដាលអ្នកដោះមីននៅអ៊ុយក្រែនផងដែរ។
ជាការកត់សម្គាល់ នេះ ជាលើកទីពីរហើយដែលប្រធានាធិបតីអ៊ុយក្រែន បានអញ្ជើញនាយករដ្ឋមន្ត្រីកម្ពុជាឱ្យទៅទស្សនកិច្ចនៅប្រទេសរបស់ខ្លួន ដែលការអញ្ជើញលើកទីមួយ គឺអញ្ជើញសម្ដេចតេជោ ហ៊ុន សែន កាលពីជំនួបតាមទូរស័ព្ទនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
ការអញ្ជើញជាលើកទីពីរនេះ ជាការអញ្ជើញឯកឧត្ដមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា តាមរយៈលិខិត។ យ៉ាងណាក៏ដោយ បន្ទាប់ពីទទួលបានលិខិតសាទរ និងអញ្ជើញរបស់លោក ហ្សេលិនស្គី នេះដែរ ឯកឧត្ដមហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មិនទាន់បានបញ្ជាក់ថា នឹងទៅធ្វើដំណើរទស្សនកិច្ចឬ អត់នោះទេ៕