ជនដៃដល់ ដែលទះកំផ្លៀងនារីម្នាក់ រឿងជិះម៉ូតូសាចទឹកថ្ងៃមុន ត្រូវបញ្ជូនខ្លួនទៅតុលាការហើយ
Sokli
-

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា បុរសដែលទះកំផ្លៀងនារីម្នាក់ រឿងជិះម៉ូតូសាចទឹក នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែសីហានោះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ នៅថ្ងៃទី៣០ ខែសីហានេះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សូមរលឹកថា វីដេអូឃ្លីបមួយដែលបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញបុរសម្នាក់ បានប្រើហិង្សាដូចកំរោលចូល ដែលហ៊ានលើកដៃវាយនារី ទាំងនាងប្រុងសុំទោសហើយនោះនៅតាមផ្លូវ រឿងជិះម៉ូតូសាចទឹកដាក់គ្នា កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ថ្ងៃទី២៥ ខែសីហា នៅតាមផ្លូវបេតុង ក្នុងភូមិទឹកថ្លាខណ្ឌសែនសុខ បន្ទាប់ពីភ្លៀងបានរាំង ។

បន្ទាប់ពីមានអំពើហិង្សា នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ទឹកថ្លា នគរបាលជំនាញ ក៏បានសហការជាមួយមួយនារីរងគ្រោះ នាំទៅបង្ហាញកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីរកបុរសរូបនោះ ។

នារីរងគ្រោះ ឈ្មោះពីសី អាយុ២៣ឆ្នាំ បាននិយាយថា បន្ទាប់ពីកើតហេតុ នាងមិនចង់អោយអ្នកផ្ទះដឹងនោះទេ ដោយសារតែមានការបង្ហោះវីដេអូ ទើបនៅវេលាយប់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកថ្លា តែម្តង ។

នារីរងគ្រោះ បានលើកឡើងថា នៅមុនពេលកើតហេតុ ប្អូនប្រុសនាងបានទៅដឹកនាងពីកន្លែងធ្វើការ ដោយសារតែមុននេះ មានភ្លៀងដកទឹក លិចផ្លូវ ម៉ូតូទាបខ្លាចរលត់ ប្អូនក៏បានខំ រោទិ៍ម៉ាស៊ីនម៉ូតូ ក៏សាចទឹកប៉ះពូម្នាក់ ហើយពូម្នាក់នោះ ស្រែកឡូឡារករឿងហៅ ង៉ែងៗ ហើយនាងឈប់ប្រុងសុំទោស ស្រាប់តែគាត់ទះកំផ្លៀង ១ដៃចំថ្ពាល់ ហើយប្អូនប្រុស ក៏មានការប្រតាយប្រតប់គ្នា តែម្តង ។

បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលខណ្ឌសែនសុខ រួមនឹងនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនបុរសឈ្មោះ ទី សុផាន់ណា អាយុ៤១ឆ្នាំ កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលរបស់បុរសរូបនោះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី ។