មេដឹកនាំ កូរ៉េខាងជើង បញ្ជាឲ្យកងទ័ព ត្រៀមធ្វើសង្គ្រាមជាមួយ អាមេរិក
Sokli
-

កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យយោធារបស់លោក ត្រៀមខ្លួនជានិច្ចសម្រាប់ការប្រយុទ្ធ ដើម្បីរារាំងផែនការរបស់បច្ចាមិត្តដែលចង់ឈ្លានពានប្រទេសរបស់លោក។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារទី២៩ខែសីហា។

សូមបញ្ជាក់ថា រឿងនេះកើតឡើង ចំពេលសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធកងទ័ពជើងទឹកត្រីភាគី ដើម្បីកំញើញដល់ការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើង។

ទន្ទឹមនឹងនេះ កូរ៉េខាងជើង ចាត់ទុកលំហាត់បែបនេះ ថាជាការហាត់សមដើម្បីលុកលុយ ថ្វីបើទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួន អះអាងថា សមយុទ្ធនេះគឺជាការការពារខ្លួនក៏ដោយ។

យោងតាមការលើកឡើងរបស់ លោក គីម និយាយនៅក្នុងសុន្ទរកថាដែលប្រារព្ធទិវាកងទ័ពជើងទឹករបស់ប្រទេសកាលពីដើមសប្តាហ៍នេះថា ដែនទឹកនៅឧបទ្វីបកូរ៉េមិនមានស្ថិរភាពឡើយ ជាមួយនឹងគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែអរិភាពដឹកនាំដោយសហរដ្ឋអាមេរិក។

លើសពីនេះ លោកបានចោទអាមេរិក ថាកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកដ៏ឆ្កួតលីលា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រ នៅក្នុងដែនទឹកជុំវិញឧបទ្វីបកូរ៉េ។

លោកគីម ក៏បានលើកឡើងពីកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងត្បូង-ជប៉ុន នាពេលថ្មីៗនេះផងដែរ ដែលក្នុងជំនួបនោះ ភាគីទាំង៣ បានឈានដល់កិច្ចព្រមព្រៀង ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោកបានបន្ថែមថា “ស្ថានភាពដែលកំពុងកើតមានបែបនេះ គឺតម្រូវឲ្យកងទ័ពជើងទឹករបស់យើង ត្រូវខិតខំប្រឹងប្រែង ហើយបង្រួបបង្រួមដើម្បីត្រៀមខ្លួនធ្វើសង្រ្គាម និងរក្សាការប្រុងប្រយ័ត្នជាទីបំផុត ដើម្បីបំបែកឆន្ទៈរបស់បច្ចាមិត្តក្នុងគ្រាមានអាសន្ន៕