ភ្នំពេញ ៖ រថយន្តដឹកប្រេងមួយគ្រឿង បានក្រឡាប់ហូរប្រេងយ៉ាងច្រើន ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែនោះ នាំគ្នាយកធុង យកដប យកថង់ ដើម្បីទៅដងយកប្រេង ស្ថិតនៅចំណុចភ្នំប្រុសភ្នំស្រី ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។
យោងតាមប្រភពពីសមត្ថកិច្ច បានអោយដឹងថា រថយន្តដឹកប្រេងខាងលើនេះ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកចំណុចកើតហេតុស្ថិតក្នុងភូមិអណ្តូងច្រុះឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រង់ផ្លូវបត់ចូលភ្នំស្រីភ្នំប្រុស រថយន្តដឹកប្រេងមួយគ្រឿងនេះ បានបើកគេចរថយន្តមួយទៀត ដែលបំរ៉ុងបើកឆ្លងផ្លូវជាតិលេខ៧ បណ្តាលឲ្យរថយន្តដឹកប្រេងក្រឡាប់ ហើយក៏សង្កត់ម៉ូតូកង់បីត្រូវចំហៀង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងរបួសឡើយ នៅម៉ោង០២និង៣០នាទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ។

ប្រភពដដែលបានបន្តថា រថយន្តដឹកប្រេង ដែលក្រឡាប់នេះ បានដឹកប្រេងចំណុះ ៣២,០០០លីត្រ ដោយបែងចែកជា២ផ្នែក គឺប្រេងសាំង៨,០០០លីត្រ និងប្រេងម៉ាសូត ២៤,០០០លីត្រ ។

បើតាមមន្ត្រីជំនាញរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានពីគ្រោះថ្នាក់នេះ ព្រោះបានកើតឡើងច្រើនលើកច្រើនសារមកហើយនៅបរទេស ។ ហើយមន្ត្រីជំនាញ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រសិនថ្ងៃក្រោយ បើមានករណីកើតឡើងដូចខាងលើនេះទៀត សូមកុំចូលទៅយកប្រេងសាំង ដែលកំពុងតែហូរលើផ្លូវនោះអី ព្រោះថាវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់! មានតែផ្កាភ្លើងតែបន្តិច វាអាចនឹងបណ្តាលឲ្យឆាបឆេះតែម្តង ។


សូមរលឹកថា កាលពីកន្លងទៅថ្មីៗ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ក៏មានហេតុការណ៍ដូចនេះដែរ កើតឡើងនៅសង្កាត់មួយ ក្នុងរដ្ឋ Ondo ភាគនិរតីប្រទេសនីហ្សេរីយ៉ា ដែលបណ្តាលអោយមនុស្ស២០នាក់បានឆេះស្លាប់ ខណៈដែលមានអណ្តាតភ្លើងឆាបឆេះឡើង អំឡុងពេលដងយកប្រេង។



សូមបញ្ជាក់ថា ហេតុការណ៍ផ្សេងមួយទៀត ដែលបានកើត ក្នុងទីក្រុង Cap-Haitien នៃប្រទេសហៃទី កាលពីឆ្នាំ២០២១ ក៏បានបណ្តាលអោយ មនុស្សយ៉ាងហោចណាស់ ៥០នាក់បានស្លាប់ នៅពេលដែលនាំគ្នា ច្រកសាំងធ្លាយចេញពីរថយន្តដឹកប្រេងដែលក្រឡាប់ ស្រាប់តែបានផ្ទុះ ដូចដុតមនុស្សទាំងរស់អញ្ចឹង។