ក្រចេះ ៖ បុរសម្នាក់បើករថយន្តធន់ធំ ក្នុងសភាពងងុយដេក ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឱ្យបាក់ និងធ្លាក់មនុស្សទៅក្នុងទឹកបណ្ដាលឲរងរបួសបាក់ជើង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៖១៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចលើស្ពានព្រែកតាថឹង ស្ថិតនៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្ដមួយគ្រឿងម៉ាក Vអង ពាក់ស្លាកលេខ កំពង់ចាម 3B-1805 បានបើកបរក្នុងទិសដៅចេញពីខាងស្រុកឆ្លូងចូលមកទីរួមខេត្ត លុះមកដល់ចំណុចកើតហេតុ ងងុយដេកហើយបើកបរក្នុងល្បឿនលឿន ខណៈមេឃកំពុងភ្លៀង មកដល់នៅលើស្ពាន វ៉ាក់អើ ក៏ជាន់ហ្វ្រាំងរថយន្តរអិលបោកទៅប៉ះនឹងបង្កាន់ដៃស្ពានបាក់ធ្លាក់ចុះទៅក្នុងទឹក បណ្ដាលឱ្យរថយន្តខូចខាត ១កំណត់ផ្នែកខាងមុខ។
ចំណែកអ្នកបើកបរក៏បានធ្លាក់ទៅក្នុងទឹកបណ្ដាលឲ្យរងរបួសបាក់ជើង តែត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះហើយនាំយកទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ អ្នកបើកបររថយន្តឈ្មោះ លឹម លន់ អាយុ៣៤ រស់នៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចក៏បានជួយអន្តរាគមន៍ទាញរថយន្តចេញ ដើម្បីសម្រួលចរាចរណ៍បានធម្មតាឡើងវិញ៕