បងប្អូនសូមប្រុងប្រយ័ត្ន! វារីអគ្គិសនីកំចាយ បើកទ្វារទឹក ដើម្បីរំដោះទឹកចេញពីទំនប់
ភ្នំពេញ៖ បើតាមប្រភពពីក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនី កំចាយ ក្នុងខេត្តកំពត បានប្រកាសជូនដំណឹង ពីការបើកទ្វារទឹក ចំនួន ១ កម្ពស់ ២ម៉ែត្រ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្ងាច ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះស្ថានភាពទឹកព្រែក នឹងមានកម្ពស់លើសពីធម្មតា។
សេចក្តីជូនដំណឹង លើកឡើងថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។ ដោយឡែក នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់ មានកម្ពស់ ១៤៧.៩៥ម៉ែត្រ ហើយទឹកហូរចូលអាងទំនប់ មានចំនួន ៧៥៨.៣ម៉ែត្រគូប/វិនាទី៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។