អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុង១ថ្ងៃ ក្នុងជម្លោះជាមួយ រុស្ស៊ី
Sokli
-

អ៊ុយក្រែន៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov បានលើកឡើងថា ទីក្រុងកៀវ បានចំណាយប្រាក់ប្រហែល១០០លានដុល្លារក្នុងមួយថ្ងៃ លើជម្លោះជាមួយរុស្ស៊ី។

នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Ukrinform កាលពីថ្ងៃចន្ទទី៤ខែកញ្ញា ដែលក្នុងនោះ លោកក៏បានច្រានចោលការចោទប្រកាន់អំពើពុករលួយ និង ការពារគោលនយោបាយលទ្ធកម្មរបស់ក្រសួង ក្នុងអំឡុងពេលលោកកាន់តំណែងផងដែរ។

លោក Reznikov ថែមទាំងបានច្រានចោលការអះអាងដែលថា យោធារបស់ប្រទេសគឺសម្បូរទៅដោយអ្នកស្ម័គ្រចិត្តទៀតផង។ លោកនិយាយថា រឿងនេះគឺមិនត្រឹមត្រូវឡើយ ដោយសារតែរដ្ឋាភិបាលបានចំណាយប្រាក់ប្រហែល ១០០លានដុល្លារ ជារៀងរាល់ថ្ងៃលើជម្លោះនេះ។

បទសម្ភាសរបស់ លោក Reznikov កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យអំពីផែនការបណ្តេញរដ្ឋមន្ត្រីការពារជាតិរូបនេះ ដោយយកប្រធានមូលនិធិអចលនទ្រព្យរដ្ឋអ៊ុយក្រែនបច្ចុប្បន្នឈ្មោះ Rustem Umerov មកជំនួសវិញ។

តាមការពន្យល់ពីការសម្រេចចិត្តរបស់ លោកប្រធានាធិបតីនិយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ថ្មីនៃអន្តរកម្ម ទាំងជាមួយយោធានិងសង្គមទាំងមូលផងដែរ។


រដ្ឋមន្ត្រីដែលនឹងត្រូវចុះចេញ គឺបានចូលកាន់តំណែងក្នុងខែវិច្ឆិកាឆ្នាំ២០២១ ពោលគឺប៉ុន្មានខែ មុនពេលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង។

ការកាន់តំណែងរបស់លោក Reznikov ត្រូវញាំញីដោយរឿងអាស្រូវពុករលួយជាច្រើន ដោយក្រសួងត្រូវរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគយោធាក្នុងតម្លៃខ្ពស់មិនធម្មតា៕