ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ដែលជាឪពុក ត្រូវបាននគរបាលស្រុកត្រាំកក់ ធ្វើការចាប់ខ្លួនបានភ្លាមៗ ខណៈពេលដែលខឹងកូនប្រុសតូចយំពេក លួងមិនបាត់ ក៏ទម្លាក់កូនដែលកំពុងតែបីនៅក្នុងដៃចោលមកលើដី បណ្តាលឱ្យបាក់ ក ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតេហតុ។
ប្រភពដដែលបន្តថា ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៤ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង១៥និង១០នាទីរសៀល នៅចំណុចភូមិព្រៃស្បាត ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់របស់ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់ឱ្យដឹងថា មានករណីឃាតកម្មមួយ បង្កឡើងដោយជនសង្ស័យម្នាក់មានឈ្មោះ សោម ហុកហេង ភេទប្រុស អាយុ២៤ឆ្នាំ រីឯប្រពន្ធឈ្មោះ នាង ស្រស់ អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង។ ដោយជនសង្ស័យជាឪពុកបានទម្លាក់កូនប្រុសតូចរបស់ខ្លួនដែលមានឈ្មោះ ហេង គឹមហៀង អាយុទើបតែ៤០ថ្ងៃ ខណៈកំពុងតែបីនៅនឹងដៃពីលើផ្ទះមកដី បណ្ដាលឱ្យបាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។

លោកអធិការនគរបាលស្រុកត្រាំកក់ បានប្រាប់ឱ្យដឹងបន្តថា ចំពោះមូលហេតុ ដោយសារតែខឹងជាមួយនឹងកូនប្រុសយំពេក ហើយលួងលោមមិនបាត់ ខណៈពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្របាត់ ហើយទុកកូនអោយប្ដីជាអ្នកមើល។