ពលរដ្ឋ២ភូមិនៅច្រាំងចំរេះទី២ ផ្ទុះការតវ៉ាលើកគ្នាបិទផ្លូវជាតិលេខ៥ ស្នើប្តូរទីតាំងរោងចក្រទឹកកកដែលបង្កផលប៉ះពាល់
Sokli
-

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ២ភូមិ រស់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ បានផ្ទុះការតវ៉ា ដោយលើកគ្នាបិទផ្លូវជាតិលេខ៥ ដើម្បី ទទូចស្នើសុំដល់អាជ្ញាធរ ក៍ដូចជាក្រសួងពាក់ព័ន្ធ ចាត់វិធានការប្តូរទីតាំងរោងចក្រទឹកកកលោកស្រីឈាង មួ ដែលតែងតែបង្កការផ្ទុះធ្លាយឧស្ម័នអាម៉ូញ៉ាក់ប៉ះពាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញ។

សូមរលឹកថា ឧស្ម័នអាម៉ូញ៉ាក់បានធ្លាយចេញពីរោងចក្រផលិតទឹកកក ហើយបានរងគ្រោះដល់មនុស្ស៣២នាក់។

ការតវ៉ានេះបានផ្ទុះឡើងកាលពីវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយពួកគាត់បាននាំគ្នាផ្តិតមេដៃស្នើរសុំ និងលើកគ្នាបិទផ្លូវជាតិលេខ៥ នៅមុខទីតាំងរោងទឹកកក ដែលស្ថិតនៅក្រុមទី៧ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលផ្ទុះការតវ៉ា បានអោយដឹងថា ប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិ ក និងភូមិខ១ ដែលរងផលប៉ះពាល់ បាននាំគ្នា ផ្តិតមេដៃស្នើសុំ និងបានជួបប្រមូលម្តុំបិទផ្លូវជាតិលេខ៥នៅពេលនេះ ដើម្បីទទូចស្នើសុំដល់អាជ្ញាធរ ក៍ដូចជាក្រសួងពាក់ព័ន្ធចាត់វិធានការបិទនិងប្តូរទីតាំងរោងចក្រទឹកកកយីហោ«ឈាង មួ»ដែលតែងតែបង្កអោយមានការផ្ទុះធ្លាយឧស្ម័នអាម៉ូញ៉ាក់ប៉ះពាល់រស់ការរស់នៅរបស់ប្រជាពលរដ្ឋ ។

តាមប្រភពដដែលបានបន្តលើកឡើងថា កន្លងមក ទីតាំងរោងចក្រផលិតទឹកកកនេះ បានបង្កអោយមានការផ្ទុះធ្លាយជាតិអាម៉ូញ៉ាក់ជាបន្តបន្ទាប់ចំនួន៤ដងមកហើយ និងបង្កអោយមនុស្ស ស្លាប់ចំនួន២នាក់ផងដែរ ។ លើកចុងក្រោយនេះ កាលពីយប់ថ្ងៃទី១ខែកញ្ញា បង្កអោយអ្នករស់នៅជុំវិញ ទាំងក្មេង ទាំងចាស់សរុបចំនួនជាង៣០នាក់ បានថប់ដង្ហើម និងខ្លះទៀតបានដួលសន្លប់ត្រូវបានជួយសង្គ្រោះ។

បន្ទាប់ពីមានការវ៉ាបិទផ្លូវជាតិលេខ៥ អាជ្ញាធរ ក៍បានចុះទៅណែនាំអោយប្រជាពលរដ្ឋបើកផ្លូវសម្រួលចរាចរណ៍ឡើងវិញ និងណែនាំអោយលើកគ្នាទៅផ្លូវបេតុងមុខទីតាំងរោងចក្រ ។ នៅព្រឹកនោះ អាជ្ញាធរខណ្ឌឬស្សីកែវ ដឹកនាំដោយលោក ប្រាជ សីហា អភិបាលរងខណ្ឌឬស្សីកែវ ក៍បានចុះទៅផ្អាក់អាជីវកម្ម សិប្បកម្ម ផលិតទឹកកកនោះ ជាបណ្តោះអាសន្នទាំង២ទីតាំងតែម្តង ។

តាមកំណត់ហេតុ បានអោយដឹងថា ដោយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិខ១ និងភូមិ ក ចំនួនជាង៤០គ្រួសារបានមកធ្វើការតវ៉ាសុំដំណោះស្រាយ ដោយស្នើសុំអោយម្ចាស់ទីតាំងរោងចក្រធុនតូចផលិតទឹកកកអនាម័យ និងទឹកកកដើមធ្វើការផ្អាក់ផលិតកម្ម និងផ្លាស់ប្តូរទៅរកទីតាំងថ្មីជៀសវាងមានការលិចធ្លាយឧស្ម័នអាម៉ូញ៉ាក់ប៉ះពាល់ដល់ការរស់នៅជិតខាង។

នៅក្នុងលិខិតនោះ អាជ្ញាធរក៏បានណែនាំអោយម្ចាស់ទីតាំងរោងចក្រខាងលើ ផ្អាកសង្វាក់ផលិតកម្មរបស់ខ្លួនជាបណ្តោះអាសន្នរង់ចាំធ្វើការកែលំអរតាមលក្ខណៈបច្ចេករបស់ក្រសួងឧស្សាហកម្មនិងអាជ្ញាធរពាក់ពន្ធអោយបានរួចរាល់សិន ។

តាមអាជ្ញាធរខណ្ឌឬស្សីកែវ បានអោយដឹងថា អាជ្ញាធរ មានសិទ្ធិត្រឹមតែធ្វើការផ្អាកជាបណ្តោះអាសន្ននោះទេ ចំណែកការបិទ ឬប្តូរទីតាំងទាំងស្រុង មានតែក្រសួងឧសហ្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេសនិងនវានុវត្តន៍នោះទេ ។

គួរបញ្ជាក់ថា រោងចក្រធុនតូច លោកស្រី ឈាង មួ ផលិតទឹកកកដើម និងអនាម័យ មានម្ចាស់ ឈាង ប៉ោ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុខាងលើ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង១០នាទីរោងចក្រផលិតទឹកកកនេះបានធ្លាយឧស្ម័នអាម៉ូញ៉ាក់ បណ្តាលអោយមនុស្សចាស់ក្មេង ចំនួន៣២នាក់បានថប់ដង្ហើម និងខ្លះបានដួលសន្លប់ត្រូវបានបញ្ជូនទៅសង្គ្រោះ ។ បន្ទាប់ពីកើតហេតុក្រសួងឧស្សាហ៍កម្មក៍បានសហការជាមួយ មន្ទីរពាក់ពន្ធនិងអាជ្ញាធរមូលដ្ឋានចុះទៅត្រួតពិនិត្យ និងបានធ្វើការផ្អាកអាជីវកម្ម ទីតាំងរោងចក្រជាបណ្តោះអាសន្ន ដើម្បី ធ្វើការត្រួតពិនិត្យ លម្អិត។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧសហ្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ បានអោយដឹងថា នៅក្នុងឧបទ្ធហេតុធ្លាយឧស្ម័នអាម៉ូញ៉ាក់ នៅទីតាំងរោងចក្រធុនតូចផលិតទឹកកកនេះបណ្តាលអោយប្រជាពលរដ្ឋចំនួន៣២នាក់ (ស្រី២៣នាក់) បានរងផលប៉ះពាល់ប៉ុន្តែ ពុំមានគ្រោះថ្នាក់ដល់អាយុជីវីតទេ ។

ចំណែកឯការត្រួតពិនិត្យលក្ខណៈបច្ចេកទេសបានបង្ហាញឧបទ្ទវហេតុខាងលើ បណ្តាលមកពីលេចធ្លាយប្រព័ន្ធស្អំឧស្ម័នអាម៉ូញ៉ាក់អោយត្រជាក់ចេញពីចំណុចមុខតំណផ្សារបំពង់ចែកចាយឧស្ម័ន ដោយសារតែការថែទាំផ្នែកបច្ចេកទេសនិងសុវត្តិភាពឧស្សាហកម្មពុំទាន់បានដិតដល់ ៕